(អាមេរិក)៖ អតីតប្រធានាធិបតីអាមេរិកលោក បៀល គ្លីនតុន បានធ្វើការបកស្រាយមួយទៅកាន់ប្រជាជនអាមេរិក អំពីមូលហេតុចម្បងៗ ដែលភរិយារបស់លោកគឺលោកស្រី ហ៊ីលឡារី ត្រូវតែក្លាយជាប្រធានាធិបតីអាមេរិក និងដឹកនាំប្រទេសទៅរកការផ្លាស់ប្តូរ ជាក់លាក់មួយយ៉ាងពិតប្រាកដ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ BBC នាព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។
ការថ្លែងខាងលើនេះ បានធ្វើឡើងនៅក្នុងសមាជគណបក្សប្រជាធិបតេយ្យនៅ Philadelphia ដែលជាឱកាសលោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានគណបក្សទាំងមូល តែងតាំងជាបេក្ខជនតែមួយគត់សម្រាប់ឈានទៅឈោងយកតំណែង ប្រធានាធិបតីចំពោះមុខអ្នកតំណាងនានាជិត ៣ពាន់នាក់ ដើម្បីត្រៀមចូលរួមនៅក្នុងការបោះឆ្នោតនាដើមខែវិច្ឆិកា ខាងមុខនេះ ជាមួយលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។
ស្វាមីដែលធ្លាប់កាន់តំណែងប្រធានាធិបតីអាមេរិកពីរអណត្តិបានថ្លែងដូច្នេះថា «គាត់ (លោកស្រី ហ៊ីលឡារី) ជាអ្នកដែលធ្វើការប្តូរដ៏អស្ចារ្យ មិនធ្លាប់បានឃើញពីមុនមក។ ខ្ញុំបានរៀបការជាមួយមិត្តភក្តិដ៏ល្អបំផុតរបស់ខ្ញុំ ហើយចាប់ពីពេលនោះមក ពួកយើងបានរស់នៅប្រកបដោយភាពសប្បាយរីករាយជាមួយគ្នា»។
លោក បៀល គ្លីនតុន បានថ្លែងប្រាប់ប្រជាជនអាមេរិកអំពីការដើរតួយ៉ាងសំខាន់របស់ភរិយាលោក ជានិមិត្តរូបនៃការ ផ្លាស់ប្តូរផ្នត់គំនិតនៃជនជាតិអាមេរិកជាច្រើន ដូច្នេះទើបលោកចាត់ទុកលោកស្រី ហ៊ីលឡារី ជា «អ្នកបង្កើតឲ្យមានការផ្លាស់ប្តូរ»។ បន្ថែមពីនេះលោកស្រី គឺជាស្ត្រីដ៏មានគំនិតរួបរួម តួយ៉ាងដូចជាគ្រួសាររបស់ លោកស្រីស្រាប់ ដែលភរិយា និង ស្វាមី ក្នុងនាមជាឪពុក និងមិត្តភក្តិ បានរស់នៅប្រកបដោយជីវិតសុខសាន្ត ។
អតីតប្រធានាធិបតីអាមេរិក អំឡុងទសវត្សរ៍ ១៩៩០ រូបនេះបានសង្កត់ធ្ងន់ថា «ហ៊ីលឡារី កំពុងចាប់ផ្តើមចក្ខុវិស័យ ឆ្ពោះទៅរកពិភពលោកដ៏ថ្មីសន្លាង តាមរយៈការអភិវឌ្ឍសេវាសាធារណ ដោយប្រជាជនរៀងៗខ្លួន។ គាត់ជាស្ត្រី នៃការបោះជំហានទៅមុខ»។ ដោយឡែកសម្តីលោកស្រី គ្លីនតុន ដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាដែរនោះគឺ «ខ្ញុំរៀងយឺតពេលបន្តិចហើយ ក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីនាពេលនេះ ប៉ុន្តែសម្រាប់មនុស្សបន្ទាប់ពីខ្ញុំនឹងជាអ្នក (ស្ត្រីវ័យក្មេង)»៕