(ស៉ីដនី)៖ វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ច និងសន្តិភាព (Institute for Economics and Peace) មានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី កាលពីចុងខែមិថុនាកន្លងទៅ បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្ដីពីសន្ទស្សន៍សន្តិភាពសកលដោយបង្ហាញថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៧៣ ក្នុងចំណោមប្រទេសចំនួន១៦៣ នៅលើពិភពលោក និងជាប់លេខ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុង «នាមជាប្រទេសមានភាពក្សេមក្សាន្ត»។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNBC។
បើតាមរបាយការណ៍របស់វិទ្យាស្ថានខាងលើដដែល អ៉ីស្លង់ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាប្រទេសដែល «មានសេចក្ដីសុខសាន្ត» នៅលើពិភពលោក ខណៈ ដាណឺម៉ាកជាប់លេខ២ អៀរឡង់លេខ៣ នូវែលសេឡង់ជាប់ចំណាត់ថ្នាក់លេខ៤ និងអូទី្រសលេខ៥។ ដោយឡែក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសនូវែលសេឡង់ ជាប់ចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយប្រទេសសិង្ហបុរីជាប់លេខ២ ជប៉ុនលេខ៣ ម៉ាឡេស៊ីលេខ ៤ អូស្ត្រាលីលេខ៥ និងកោះតៃវ៉ាន់ជាប់លេខ៦។ ចំណែក សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១៣១ឯណោះ ក្នុងនាមជាប្រទេសមានភាពក្សេមក្សាន្ត ឬមានសេចក្ដីសុខសាន្ត ក្នុងចំណោម១៦៣ប្រទេស។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ច និងសន្តិភាព កម្រិតមធ្យមនៃភាពក្សេមក្សាន្តរបស់ពិភពលោកមានធ្លាក់ចុះ០.៤២ភាគរយ ហើយ នេះជាការថយចុះ៩ឆ្នាំជាប់ៗគ្នា និងធ្លាក់ចុះ១៣ឆ្នាំជាប់ៗគ្នាក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០២២ ប្រទេស និងដែនដីចំនួន៨៤ មាន ស្ថានភាពក្សេមក្សាន្តល្អប្រសើរ ខណៈ៧៩ប្រទេស មានការធ្លាក់ចុះ៕