(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ (ប្រធាន), លោកឧត្តមសេនីយ៍ត្រី សេង សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ (អនុប្រធាន), លោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរងនគរបាលកំពង់ស្ពឺ (អនុប្រធាន), លោកវរសេនីយ៍ទោ ភួង ទ្រី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមទី៣ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់ លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ មានភារកិច្ចដូចខាងក្រោម ៖
* ជួយដល់លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ (គ.ស.អ) ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។
* ប្រមូលផ្តុំព័ត៌មាន និងរបាយការណ៍ពីបណ្តាអង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ខេត្ត សុំការចង្អុលដឹកនាំ។
* តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តាក្រុង ស្រុក ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ជូនគណៈបញ្ជាសន្តិសុខអចិន្រ្តៃយ៍ខេត្ត ដើម្បីចង្អុលដឹកនាំទៅអង្គភាពជំនាញ ធ្វើការដោះស្រាយបានទាន់ពេលវេលា។
* ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជូនគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ខេត្ត ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោត។
* ក្រុមប្រចាំបញ្ជានេះ ត្រូវបានចាត់តាំងឲ្យបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម ៕