(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបណ្តុះបណ្តាល ដើម្បីបង្កើនធនធានមនុស្សគឺជាគោលនយោបាយអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រូវបានយកចិត្តទុកដាក់កសាងមូលដ្ឋានសិក្សានៅគ្រប់ភូមិសិក្សាទូទាំងប្រទេស។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកដូច្នេះក្នុងពិធីចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៃមរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ចំនួន៦៦៦នាក់ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
លោកបានបង្ហាញក្តីមោទនភាព និងកោតសរសើរដល់លោកគ្រូអ្នកគ្រូ គឺជាមាតាបិតាទី២ ដែលចូលក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ដល់ទំពាំងប្រកបដោយសមត្ថភាព ដែលជាកម្មវិធីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។
លោកបន្ថែមទៀតថា កាលពីដើមឆ្នាំ២០២៣នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋ និងយុវជន ១លាន៥សែននាក់ ដោយមិនបង់ថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភ។
លោកបានបញ្ជាក់ថា សម្តេចតេជោបានដាក់ចេញជាគោលនយោបាយពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅតាមបណ្តាឃុំទូទាំងប្រទេស ដើម្បីលើកម្ពស់ជីវភាពពលរដ្ឋ និងជំរុញល្បឿននៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដែលមានវិសាលភាពធំធេង និងជាវិស័យស្នូលសម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
ថ្មីៗនេះ សម្តេចតេជោបានសម្រេចឯកភាពជាគោលការណ៍នូវគម្រោងវិនិយោគផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» ជាប្រវត្តិសាស្ត្រកម្ពុជាមិនដែលធ្លាប់ឮ តែមាននៅក្នុងរបបដឹកនាំរបស់សម្តេចតេជោ។ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនភ្នំពេញ-ក្រុងបាវិត ដែលរំពឹងថានឹងសាងសង់រួចរាល់ឆ្នាំ២០២៧ ហើយក៏បានបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សាបន្ថែមទៀតផ្លូវល្បឿន ភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕