(កំពង់ចាម)៖ លោក ឌិត ទីណា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកជើងព្រៃ បានបន្តចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំ សាខាគណបក្សភូមិ មកពីឃុំព្រៃចារ ឃុំស្រម៉រ និងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

យោងតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ឌិត ទីណា នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានណែនាំសកម្មជនបក្សត្រូវជំរុញការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋនិងសមាជិកបក្ស ដោយបញ្ជាក់ពីរបៀបគូស ចំណុចត្រូវគូស លេខរៀង និងរូបសញ្ញាឡូហ្គោ ដើម្បីឱ្យពួកគាត់ងាយចងចាំ ព្រមទាំងសាកល្បងការគូសដើម្បីធានាការគូសបានត្រឹមត្រូវបានការសម្រាប់ការគូសសន្លឹកឆ្នោតជាក់ស្តែងនៅថ្ងៃបោះឆ្នោត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសកម្មជនគណបក្សប្រជាជនឃុំ ដែលខិតខំអស់ពីកំលាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានការគ្រប់គ្រងល្អ ហើយបានយកជ័យជម្នះជូនបក្សកន្លងមក និងសូមបន្តពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត និងយកជ័យជំនះជូនបក្សនៅថ្ងៃ២៣ ខែកក្កដាខាងមុខនេះ ឈ្នះឱ្យខ្លាំង ឈ្នះឱ្យស្អាត និងឈ្នះឱ្យដាច់។

ដើម្បីសម្រេចការងារនេះ សកម្មជនបក្សត្រូវចូលរួមឃោសនានៅតាមភូមិឃុំរបស់ខ្លួនក្នុងយុទ្ធនាការឃោសនាឱ្យបានល្អបំផុត និងជួយពិនិត្យផ្ទៀងផ្ទាត់ឯកសារ សម្រួលដល់សមាជិកឱ្យមានលទ្ធភាពទៅបោះឆ្នោតគ្រប់ៗគ្នា ដូចជាការផ្ទេរជីវភាពបក្ស អត្តសញ្ញាណបណ្ណ ឯ.អ ជាដើម ជាពិសេសត្រូវចុះតាមដាន និងវាយតម្លៃនៅតាមការិយាល័យបោះឆ្នោត ដើម្បីពង្រឹងការគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវច្បាស់លាស់និងទាន់ពេលវេលា រួមទាំងទិន្នន័យអ្នកបោះនិងមិនបោះឆ្នោត ព្រមទាំងបែងចែកឱ្យដាច់រវាងអ្នកស្មោះត្រង់ច្បាស់លាស់ជាមួយបក្ស និងអ្នកដែលមិនច្បាស់លាស់។ សូមបញ្ជាក់ថា អ្នកដែលមិនទៅបោះឆ្នោត គឺគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយបានទេ។ ចំពោះសមាជិកបក្សដែលមិនជួយបក្ស គឺមិនសមស្ថិតក្នុងបញ្ជីសមាជិកបក្សបន្តទៀតទេ។

លើសពីនេះទៀត លោកបានលើកបញ្ជាក់ថាការពង្រីកត្រូវផ្សារភ្ជាប់នឹងការពង្រឹង ដូច្នេះសកម្មជនបក្សត្រូវពិនិត្យនិងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម បញ្ហាអសកម្មនានាជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយ ក៣ ដើម្បីឱ្យពួកគាត់ដឹងអំពីការគិតគូររបស់យើងចំពោះពួកគាត់ និងតែងតែនៅជាមួយពួកគាត់ ហើយវាក៏ជាឱកាសដែលត្រូវពង្រឹងបក្សឱ្យរឹងមាំបន្តទៅមុខទៀត ក៏ដូចជាការជំរុញនិងប្រែក្លាយសមាជិកម្នាក់សន្លឹកឆ្នោត១សន្លឹក។

បើតាមលោក ឌិត ទីណា គឺសូមឱ្យដៃខ្មៅទាំងអស់គ្នា ដូច្នេះសកម្មជនត្រូវបង្រៀនសមាជិកបក្សពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងកុំឱ្យហួសកាលកំណត់។ ជាពិសេសសូមទៅបោះឆ្នោតទាំងអស់គ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពេលអនាគត។

សូមជម្រាបជូនថា គណបក្សឃុំព្រៃចារមាន ៦សាខាបក្សភូមិ ដែលមានប្រជាជនសរុប ៧.៨៧២នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥.០៧៧នាក់ ហើយសមាជិកបក្សមានចំនួន ៤.០៩៧នាក់។ គណបក្សឃុំស្រម៉រមាន ១៣សាខាបក្សភូមិ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥.៧៣០នាក់ ហើយសមាជិកបក្សមានចំនួន ៤.៦០១នាក់។ គណបក្សឃុំខ្នុរដំបងមាន ៣សាខាបក្សភូមិ ដែលមានប្រជាជនសរុប ៨.២៦៩នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥.០៥២នាក់ ហើយសមាជិកបក្សមានចំនួន ៣.៨២៤នាក់។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ គឺមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១២គណបក្ស មានដូចជាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សហ៊្វុនស៉ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕

ពិធីសំណេះសំណាលជាមួយមន្រ្ដីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ពិធីសំណេះសំណាលជាមួយមន្រ្ដីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ពិធីសំណេះសំណាលជាមួយមន្រ្ដីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម