(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប) រៀបចំពិធីបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅ ដែលប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ គ.ជ.ប ក្រោមអធិបតីភាព​លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ព្រមទាំងមានការអញ្ជើញចូលរួមធ្វើជាសាក្សី ពីថ្នាក់ដឹកនាំ គ.ជ.ប ព្រមទាំងតំណាងគណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

សូមបញ្ជាក់ថា ទឹកខ្មៅ គឺជានីតិវិធី និងជាយន្តការមួយក្នុងចំណោមនីតិវិធីជា​ច្រើនទៀតរបស់ គ.ជ.ប ដើម្បីធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត។ ជាពិសេសធានាថា ប្រជាពលរដ្ឋខ្មែរមួយរូប បោះឆ្នោតបានតែមួយដងប៉ុណ្ណោះ៕