(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ ជាគ្រឿងបរិភោគ និងថវិការបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម យកទៅប្រគល់ជូនស្រ្តីមេម៉ាយ កើតជម្ងឺមហារីកដោះ ដែលកំពុងមានកូនទើបតែ២ខែ។
ស្រ្តីរងគ្រោះរូបនេះមានឈ្មោះនួច សុភា ស ២០ឆ្នាំ និងទារកអាយុ២ខែរស់នៅភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កាលពីម្សិលមិញ លោកបានឃើញព័ត៌មាននេះ ត្រូវគេបង្ហោះតាមបណ្តាញសង្គម Facebook នូវការលំបាក ទើបនៅព្រឹកនេះ លោកបានដឹកនាំក្រុមការងារ យកអំណោយជាគ្រឿងបរិភោគ ថវិកាសម្តេចតេជោ ៤០ម៉ឺនរៀល ថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៤០ម៉ឺនរៀល និងថវិកាកាកបាទក្រហមខេត្តចំនួន១០ម៉ឺនរៀលផងដែរ មកប្រគល់ជូនដល់ផ្ទះ ។
បើតាមលោកស្នងការ សម្រាប់ស្រ្តីរងគ្រោះរូបនេះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ចែងឲ្យដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយក្រុមការរបស់លោក បានយករថយន្តសង្គ្រោះមកដល់ផ្ទះ ដឹកស្រ្តីរងគ្រោះទៅកាន់មន្ទីរសុខយ៉ាខៀល នៅក្បែរជើងភ្នំបូកគោនៅព្រឹកថ្ងៃនេះផងដែរ។
ជាមួយគ្នានេះ ពេលយកអំណោយជូនស្រ្តីរងគ្រោះខាងលើ លោកស្នងការ ក៏បានឃើញស្រ្តីម្នាក់ទៀត មានជម្ងឺទាចទឹកនៅក្នុងភូមិម្នាក់ទៀតមាន ឈ្មោះភោគ សាម៉េត ស អាយុ៣៨ឆ្នាំ។ ទើបលោកស្នងការ បានប្រគល់ថវិកា ចំនួន៨០ម៉ឺនរៀល របស់សម្តេចតេជោ ទៅស្រ្តីរូបនេះ ដើម្បីកាត់បន្ថយការលំបាក បានមួយគ្រាទៀត៕