(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយដែលបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមបន្តផ្តល់ការទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។
ជាមួយគ្នានេះ លោកបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ទាំងឡាយណា ពិសេសអ្នកនយោបាយមួយចំនួន នៅក្រៅប្រទេស ដែលមានបំណងបំផ្លាញការបោះឆ្នោតនៅកម្ពុជា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានផ្តល់ការជឿទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន និងបានអញ្ជើញទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមការអំពាវនាវរបស់សម្តេចក្នុងអំឡុងពេលដែលជំងឺកូវីដកំពុងរីករាលខ្លាំង ទើបយើងអាចរួមគ្នាគ្រប់គ្រងជំងឺកូវីដ-១៩ បានដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា បន្តផ្តល់ការទុកចិត្តទៅលើសម្តេចតេជោ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា (លេខរៀងទី១៨)។ បន្ថែមលើនោះ សូមបងប្អូនកុំជឿតាមការញុះញង់ទាំងឡាយណា ដែលមានបំណងបំផ្លាញការបោះឆ្នោតនៅកម្ពុជា»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោត៕