(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ហៅកាត់ថា CCNU តំណាងឲ្យសហភាព សហជីព និង៧២សហព័ន្ធ សហជីព សមាគម និងអង្គការ នៅតែបន្ដថ្កោលទោសចំពោះទង្វើរបស់ លោក សម រង្សីុ ដែលបានស្នើទៅកាន់អង្គប្រជុំសហភាពអឺរ៉ុប ឲ្យបិទកូតានាំចូលសម្លៀកបំពាក់ពីកម្ពុជា និងស្នើឲ្យឯកអគ្គរដ្ឋទូត EU ប្រចាំនៅកម្ពុជា កុំធ្វើតាមសំណើរបស់លោក សម រង្ស៊ី។
បើយោងតាមលិខិតរបស់ CCNU ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់បន្ថែមថា «ទង្វើរបស់លោក សម រង្សីុ ធ្វើបែបនេះគឺវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរនូវសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត អាចឈានទៅរកការសម្លាប់អាយុជីវិតិការងារកម្មករនិយោជិត សរុបនៅកម្ពុជាប្រមាណ៨០ម៉ឺននាក់ និងអាចប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផ្សេងទៀត ដែលទទួលបានផលប្រយោជន៍ដោយប្រយោលពីវិស័យនេះ»។
ក្នុងលិខិតដដែលនេះ ក៏បានស្នើរទៅកាន់ឯកអគ្គរដ្ឋទូត អឺរ៉ុបប្រចាំនៅកម្ពុជាថា «យើងខ្ញុំទាំងអស់គ្នាស្នើសុំ ឯកឧត្តមឯកអគ្គរដ្ឋទូត មេត្តាពិចារណា និងមេត្តាកុំឯកភាពតាមសំណើរបស់ លោក សម រង្សីុ ដែលសំណើនេះផ្ទុយទាំងស្រុងទៅនឹងស្ថានភាព ជាក់ស្ដែងនូវប្រទេសកម្ពុជា និងការចង់បានរបស់កម្មករដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា»។
ការស្នើរបស់CCNU នេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្សីុ ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ នូវលក្ខខណ្ឌ ផ្សេងៗ។
លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើម ពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI៕