(តាកែវ)៖ នៅថ្ងៃទី៥នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក យឹម ណុល​ឡា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុ​ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស បានដឹកនាំសមាជិក សមាជិក​បក្សប្រជាជនកម្ពុជា ចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋបង្រៀនរបៀប​គូសសន្លឹក​ឆ្នោត និងលើកបង្ហាញគុណសម្បត្តិរបស់បក្សប្រជាជនកម្ពុជា ដែលប្រជាពល​រដ្ឋ​មិនត្រូវមើលរំលង។

លោក យឹម ណុលឡា បានចុះទៅតាមខ្ន​ងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ក្តាញ់ និងឃុំព្រៃល្វា ស្ថិតក្នុងស្រុកព្រៃកប្បាស​។ ក្នុងដំណើរចុះតាមខ្នងផ្ទះ​នោះ លោក យឹម ណុលឡា និងក្រុមការងារ បានបង្រៀនប្រជាពលរដ្ឋពី​របៀបគូសសន្លឹកឆ្នោត និងក្រើនរំលឹកពលរដ្ឋកុំឱ្យជឿតាមការញុះញង់របស់​ក្រុម​ជ្រុលនិយមគូសបំផ្លាញសន្លឹកឆ្នោត។

លោក យឹម ណុលឡា បានរំលឹកពីច្បាប់បោះឆ្នោតទើបកែប្រែថ្មីលើមាត្រាមួយ​ចំនួន ដែលបានកំណត់ពីការផ្តន្ទាទោសចំពោះជនទាំងឡាយ ដែលបំផ្លាញ​ដល់ដំណើរការបោះឆ្នោត។

បន្ថែមពីលើនោះ លោក យឹម ណុលឡា បានលើកបង្ហាញពីគុណសម្បត្តិជា​ច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋត្រូវពិចារណា ហើយ​មិនត្រូវមើលរំលងនោះឡើយ។ លោកបានលើកឡើងថា គណបក្សប្រជាជន ជាគ្រឹះដ៏រឹងមាំក្នុងការរក្សាសុខសន្តិភាព ការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារជាតិ ការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។

ជាពិសេសគណបក្សប្រជាជនកម្ពុជា ការពាររាល់សមិទ្ធផលសង្គមជាតិ ដែល​បក្សបានកសាងយ៉ាងលំបាករយៈពេលជាង៤០ឆ្នាំមកនេះ​ឱ្យរឹងមាំស្ថិតស្ថេរ​គង់​វង្ស ហើយបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានការរីកចម្រើនប្រកប​ដោយចីរភាព សមធម៌ និងបរិយាបន្ន ដូចក្នុងកម្មវិធីនយោបាយដែលបក្សបាន​ដាក់ចេញ និងប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជន​កម្ពុជាកាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះនោះ លោក យឹម ណុលឡា បានសង្កត់ធ្ងន់ពីតម្លៃនៃសុខសន្តិភាព។ លោកបានអះអាងថា មានសន្តិភាពទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។

លោក យឹម ណុលឡា ក៏បានគូសបញ្ជាក់នូវស្មារតីរបស់បក្សប្រជាជនកម្ពុជា ក្នុងការគាំទ្រសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

លោក យឹម ណុលឡា ក៏មិនភ្លេចដែរក្នុងការក្រើនរំលឹកពលរដ្ឋ អញ្ជើញទៅ​បោះ​ឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ហើយបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព៕