(ភ្នំពេញ)៖ ម៉ង់ ធីដាណា ជាកុមារីភ្លោះក្នុងគ្រួសារក្រីក្រមួយនៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពេលនៅក្នុងផ្ទៃរបស់ម្តាយ ធីដាណា ត្រូវបានរកឃើញមានបេះដូងមិនប្រក្រតីរួចទៅហើយ។
ពេលកើតមកក្រុមគ្រូពេទ្យគន្ធបុប្ផា បានរកឃើញថា កុមារីរូបនេះ មានបេះដូងប្រហោង និងតម្រូវឱ្យមានការតាមដាន ដើម្បីពិនិត្យមើលតើសាច់បេះដូងនោះអាចដុះជិតដែរឬទេ? ដោយសារជីវភាពខ្វះខាត គ្រួសារមិនបាននាំកុមារី ធីដាណា មកតាមដានការវិវឌ្ឍន៍នៃជំងឺនោះឡើយ ហើយជំងឺក៏ធ្វើទុក្ខកាន់តែខ្លាំងឡើង ពេលកុមារីរូបនេះមានវ័យវឌ្ឍនាការកាន់តែធំ។
វ័យ៥ឆ្នាំទៅហើយ តែការលូតលាស់របស់កុមារី ធីដាណា មិនធំធាត់ដូចកុមារដទៃនោះឡើយ ហើយធ្វើឱ្យសន្លប់ឡើងពណ៌ស្វាយនៅពេលរត់លេងហត់ខ្លាំង។ អ្នកស្រី ឆាយ ចន្ធា ជាម្តាយរបស់កុមារី បានប្រាប់ Fresh News ឱ្យដឹងថា បើទោះបីពេទ្យគន្ធបុប្ផាមិនយកថ្លៃព្យាបាល តែអ្នកស្រីអត់មានថវិកាសម្រាប់ធ្វើដំណើរ និងសម្រាប់ចាយវាយពេលស្នាក់នៅពេទ្យ ទើបមិនបាននាំកូនមកព្យាបាល ឬតាមដានជំងឺ ហើយក៏ទ្រាំមើលស្ថានភាពលំបាករបស់កូនស្រីទៅ។ អ្នកស្រី ធ្លាប់ព្យាយាមស្វែងរកការជួយពីក្រុមការងារចុះជួយស្រុកក្រគរផងដែរ តែត្រូវអាជ្ញាធរភូមិឃុំ រារាំងមិនឱ្យទៅជួបក្រុមការងារនោះទេ។
ទឹកចិត្តជាម្តាយដែលស្រឡាញ់ និងអាណិតចំពោះកូនពិតជាធំធេងមហិមា គ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ។ ទឹកចិត្តចង់ជួយកូនឱ្យរួចជីវិតពីមច្ចុរាជនៃជំងឺ បានធ្វើឱ្យអ្នកស្រី ឆាយ ចន្ធា បន្តការប្រឹងប្រែងស្វែងរកការជួយកូនស្រី បើទោះបីក្តីសង្ឃឹមមានមិនច្រើនក៏ដោយចុះ។
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅពេលទទួលបានព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅកាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី វាបានក្លាយជាឱកាសមាសសម្រាប់អ្នកស្រី ចន្ធា។ អ្នកស្រី ចន្ធា បានងើបពីយប់ជិះកង់ដឹកកូនស្រីភ្លោះទាំងពីរទៅកាន់ទីតាំងកម្មវិធី។ អ្នកស្រី ចន្ធា មិនមែនជាបុគ្គលដែលត្រូវបានអាជ្ញាធររៀបចំឱ្យចូលរួមក្នុងកម្មវិធីរបស់សម្តេចតេជោ នោះឡើយ ដូច្នេះអ្នកស្រីនឹងត្រូវជួបឧបសគ្គច្រើនសម្រាប់ការចូលរួមក្នុងពិធី ដែលមានកិច្ចការពារសន្តិសុខយ៉ាងតឹងរឹងនោះ។
អ្នកស្រី ចន្ធា ដឹងថា ការចូលក្នុងកម្មវិធីរបស់សម្តេចតេជោ គឺតឹងតែង និងលំបាក។ ទោះក្តីសង្ឃឹមមានតិចតួចយ៉ាងណាក្តី តែមិនអាចរារាំងនូវមហិច្ឆតានៃចិត្តចង់ស្វែងរកការជួយសង្គ្រោះជីវិតកូនស្រីនោះឡើយ។ ជិះកង់បណ្តើរ អ្នកស្រី ចន្ធា បន់ព្រះសំពះទេវតាបណ្តើរ ឱ្យអ្នកស្រីបានជួបសម្តេចតេជោ ទទួលបានការជួយសង្គ្រោះកូនស្រី។
ទឹកចិត្តដ៏មហិមារបស់អ្នកស្រី ចន្ធា ពិតជាបានធ្វើឱ្យរំជួលចិត្តទេវតា ហើយជួយអ្នកស្រី បានជួបសម្តេចតេជោដូចបំណង។ ការជួបសម្តេចតេជោ ប្រៀបដូចបានជួបទេវតាជួយឱ្យកូនអ្នកស្រី ចន្ធា មានក្តីសង្ឃឹមបន្តដង្ហើមសង្ខារទៅមុខ រួចផុតពីជំងឺបេះដូងប្រហោង។
ក្រោយទទួលបានព័ត៌មានពីស្ថានភាពជំងឺរបស់កុមារី ធីដាណា ហើយនោះ បានធ្វើឱ្យសម្តេចតេជោមេដឹកនាំពោរពេញដោយព្រហ្មវិហារធម៌កើតក្តីអាណិតរំជួលចិត្តជាពន់ពេក។ សម្តេចតេជោ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងបានណែនាំលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលអញ្ជើញចូលរួមក្នុងកម្មវិធីដែរនោះ ឱ្យចាត់ចែងស្វែងរកការព្យាបាលជូនកុមារី។
មិនបង្អង់នោះឡើយ លោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែងភ្លាម បញ្ជូនកុមារីរូបនោះស្វែងរកការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានឱ្យដឹងថា កុមារី ធីដាណា មានប្រហោងបេះដូងថតខាងក្រោមទំហំប្រមាណ ៥មិល្លីម៉ែត្រ។ ប្រហោបេះដូងនេះ គឺមានតាំងពីកំណើត។
លោកវេជ្ជបណ្ឌិតដែលបានបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេល ២០ឆ្នាំមកហើយនោះ បានលើកឡើងថា បេះដូងប្រហោងនេះធ្វើឱ្យមានអាការៈហត់ ធ្វើឱ្យកើនសម្ពាធឈាមក្នុងសួត ដែលទាមទារវះកាត់ឱ្យបានទាន់ពេលវេលា។
ការវះកាត់បេះដូងជាកិច្ចដ៏លំបាកមួយ ហើយទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារវះកាត់។ ដើម្បីសង្គ្រោះជីវិតកុមារី ធីដាណា ក្រុមគ្រូពេទ្យបានប្រើពេលក្នុងការវះកាត់រហូតដល់ទៅ៥ម៉ោង ជាមួយការអត់ធ្មត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
បន្ទាប់ពីទទួលបានការវះកាត់កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅដោយជោគជ័យហើយនោះ នៅពេលនេះសុខភាពរបស់កុមារី ធីដាណា បានល្អប្រសើរឡើងវិញហើយ។ កុមារី ធីដាណា មានពិបាកដកដង្ហើម ហើយក៏មិនហត់ដូចមុននោះដែរ។
ការជួយព្យាបាលឱ្យកូនស្រីមានសុខភាពប្រក្រតីឡើងវិញ គឺជារឿងដែលរីករាយគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយសម្រាប់អ្នកស្រី ចន្ធា។ គុណជួយសង្គ្រោះជីវិតនេះ ក៏ជាគុណដ៏ធំធេងមិនអាចគណនាបាននោះឡើយ។ អ្នកស្រី ចន្ធា បានចាត់ទុកសម្តេចតេជោ ប្រៀបដូចជាទេវតាបានជួយសង្គ្រោះកូនស្រីរបស់ខ្លួន។
ជំងឺបេះដូងចំហ ឬបេះដូងប្រហោង កើតមានច្រើនករណីផងដែរលើកុមារកម្ពុជានាពេលបច្ចុប្បន្ននេះ។ បើតាមលោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន គេអាចកត់សម្គាល់អាការៈនៃជំងឺតាមរយៈការពិបាកដកដង្ហើមរបស់កុមារ ឬដងខ្លួនឡើងពណ៌ស្វាយជាដើម។
ជាដំបូន្មានរបស់លោកវេជ្ជបណ្ឌិត នៅពេលសង្កេតឃើញកុមារមានអាការៈដូចបានបង្ហាញខាងលើ ត្រូវប្រញាប់បញ្ជូនកុមារទៅកាន់មន្ទីរពេទ្យស្វែងរកការព្យាបាល។ បើយឺតយ៉ាវក្នុងការព្យាបាលវាធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ និងអាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារផងដែរ។
មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមនុស្សធម៌មួយ ដែលមានសមត្ថភាពក្នុងការវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ឬបេះដូងប្រហោងរបស់កុមារ។ មានកុមារជាច្រើន ត្រូវបានវះកាត់ និងព្យាបាលបេះដូងឱ្យមានប្រក្រតីឡើងវិញដោយជោគជ័យ ព្រមទាំងផ្តល់ស្នាមញញឹមឡើងវិញសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។
លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះមន្ទីរពេទ្យគន្ធបុប្ផាបានវះកាត់ជំងឺបេះដូងចំហ ឬប្រហោងរបស់កុមារបានរង្វង់ប្រមាណ ៦០០នាក់ក្នុងមួយឆ្នាំ។ បើតាមលោកវេជ្ជបណ្ឌិត គី សន់ទី បន្ទាប់ពីមន្ទីរពេទ្យបង្កើតឱ្យមានការផ្តល់សេវាវះកាត់មួយទីតាំងទៀតនៅមន្ទីរពេទ្យគន្ធបុប្ផាសាខាវត្តភ្នំ ការវះកាត់បានលឿន ហើយមិនតម្រូវឱ្យកុមាររង់ចាំ ទៀតនោះទេ៕