(ត្បូងឃ្មុំ)៖ នៅបរិវេណអាងទឹកសោភ័ណ ជាប់ទន្លេសិប្បនិម្មិតនៃទីរួមខេត្តត្បូងឃ្មុំ នឹងកាន់តែស្រស់ស្អាតមួយកម្រិតបន្ថែមទៀត ខណៈដែលរដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើការដាំកូនឈើ ៥ប្រភេទ ចំនួន ១៣៨០ដើម រួមមានគ្រញ៉ូង បេង នាងនួន ឈើទាល គគីរ និងចន្ទគិរី (អំពិលបារាំង) លើផ្ទៃដី០២ហិចតា ដើម្បីលើកម្ពស់បរិស្ថាន និងសោភ័ណភាព និង លែងកូនត្រី ៤ប្រភេទ ចំនួន២១.០០០កូន រួមមានកូនត្រីប្រា ឆ្ពិន កាហែ និងកន្ធរ ដើម្បីឲ្យភោគផលត្រីកាន់សម្បូរបន្ថែមទៀត។

ក្នុងពិធីដាំកូនឈើ និងប្រលែងត្រីរាប់ម៉ឺនកូន ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមប្រមាណជិត ៥០០នាក់ ដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ ឆ្នាំ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីកសិកម្មខេត្ត គ្រប់លំដាប់ថ្នាក់ ដែលខិតខំអនុវត្តន៍សម្រេចបាន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត ពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពង្រឹងពង្រីកថ្នាលបណ្តុះកូនឈើក្នុងឆ្នាំ២០២៤ខាងមុខ ឲ្យបានរាប់សែនដើមបន្ថែមទៀត ខណៈដែលរៀងរាល់ឆ្នាំ បានបណ្តុះបានខ្ទង់ ៧ទៅ៩ម៉ឺនកូនឈើ រួមមកហើយ ដើម្បីឆ្លើយតបតាមសំណើរមន្ទីរ-អង្គភាព តាមទីសាធារណៈ វត្តអារាម មន្ទីរពេទ្យ និងតាមទីកន្លែងនានា ជាពិសេសតាមផ្ទះបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំតែម្តង។

លើសពីនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជ្រាបការយល់ដឹងអត្ថប្រយោជន៍នានាពាក់ព័ន្ធនឹងដើមឈើ ដើមផ្កា ការរក្សាបរិស្ថានទាំងលើគោក និងក្នុងទឹក ទៅដល់បងប្អូនប្រជាជនខ្មែរគ្រប់រូបគ្រប់វ័យគ្រប់តំបន់ទិសទី ដែលនេះជាសារមួយយ៉ាងសំខាន់ សម្រាប់ជាចំណេះដឹង ដើម្បីបងប្អូនយើងអាចចូលរួមជាមួយអាជ្ញាធរ រួមគ្នាសម្រេចលើកិច្ចការនេះបាននៅទូទាំងប្រទេស។

សារសំខាន់ជាថ្មីម្តងទៀតនោះ លោកបណ្ឌិត អភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត្តត្បូងឃ្មុំ បញ្ឈប់រាល់ការប្រើប្រាស់នូវឧបករនេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយដល់ប្រភពធនធានត្រី និងជីវៈចម្រុះដែលជាប្រភពផ្គត់ផ្គង់ជីវៈភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ក៏ដូចជាសម្រាប់តកូនតចៅទៅថ្ងៃអនាគត ជាពិសេសជាអំពើខុសច្បាប់ ដែលត្រូវទទួលទោសទណ្ឌពីច្បាប់។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់អង្គភាពបំរើសេវាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា រៀបចំកែលម្អទីតាំងអាងទឹកសោភ័ណឲ្យបានស្រស់ស្អាត ដោយរៀបចំសួនច្បារ ដាំកូនឈើ និងសិក្សារៀបចំទីតាំងនេះ ឲ្យក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍ ពិសេសទីកន្លែងរៀបចំពិធីប្រណាំងទូក(ង)ថ្នាក់ខេត្ត ជារៀងរាល់ឆ្នាំផងដែរ ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ជាទស្សនៈវិស័យដែលរដ្ឋបាលខេត្តត្រូវតែធ្វើ។ លោកក៏បានបើកឱកាសឲ្យក្រុមហ៊ុនឯកជនមកសិក្សា និងវិនិយោគនៅទីនេះផងដែរ ឲ្យតែមានការរៀបចំគិតគូរ និងគ្រោងការអភិវឌ្ឍច្បាស់លាស់ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ រួមគ្នាថែរក្សាសន្តិភាព ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា សូមបោះឆ្នោតជូនរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណនៅអាណត្តិបន្តបន្ទាប់ទៀត៕