(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នៅថ្ងៃទី០៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត បានបន្តចុះជួបសំណេះសំណាលជាមួយ មេក្រុមបក្ស ក្នុងឃុំស្តៅ ដែលមានភូមិចំនួន គឺភូមិស្តៅ១ ភូមិស្តៅ២ និងភូមិញើន នៃស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ក្នុងកិច្ចសំណេះសំណាលនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ដែលជាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស និងជាប្រធានក្រុមការងារចុះជួយ ឃុំ ០៧ នឹង លោក សុវណ្ណ ពិសេដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុកផងដែរ។
បន្ទាប់ពី លោក សុវណ្ណ ពិសេដ្ឋ បានធ្វើរបាយការណ៍សង្ខេប អំពីគណៈកម្មាធិការស្រុក ឃុំ រួចរាល់មក លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍គូសបញ្ជាក់ថា÷ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោតជាការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រឆាំងជាមួយនឹងរដ្ឋ និងបង្កចលាចលផ្សេងៗក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។
ក្នុងនោះដែល លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្តថ្លែងបន្ថែមថា «សុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ទាំងផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស។ គណបក្សប្រជាជនកម្ពុជាមានគោល នយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។
លោកថា កត្តាទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព អធិបតេយ្យភាព ការបង្រួបបង្រួមជាតិជាធ្លុងមួយដើម្បីបន្តដំណើររបស់កម្ពុជា។ ទស្សនវិស័យក្នុងការអភិវឌ្ឍខេត្តស្ទឹងត្រែង ក៏ដូចជា ជាតិមាតុភូមិកម្ពុជា ឲ្យកាន់តែសម្បូររុងរឿង ដែលជាការតាំងចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ។
លោក ស្វាយ សំអ៊ាង បានក្រើនរំលឹកដល់សមាជិក-សមាជិកាគណបក្សក្នុងមូលដ្ឋាន ចុះពន្យល់និងណែនាំដល់ប្រជាពលរដ្ឋ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដែលបានយកចិត្តទុកដាក់ពីជីវភាព និងការរស់នៅប្រជាពលរដ្ឋនៅទាំងប្រទេស ហើយនៅអណត្តិទី៧នេះ នឹងដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា បន្ថែមទៀត។
ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង អំពាវនាវសូមឲ្យសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា៕