(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានស្នើឱ្យទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាល បានអះអាងថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website...យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាត ឲ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។

ដូច្នេះ ក្រសួងសុខាភិបាល សូមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ មេត្តាជួយសហការទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឲ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ៕