(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។
គ.ជ.ប បានឱ្យដឹងថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស។
ចំពោះការឃោសនាក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាពនៅស្ទើរតែគ្រប់មណ្ឌលបោះឆ្នោត ហើយគណបក្សនយោបាយនេះបានធ្វើសកម្មភាពចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ប្រគំតន្រ្តី និងសម្ដែងសិល្បៈនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនផងដែរ។
ដោយឡែក គណបក្សនយោបាយចំនួន២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងមណ្ឌលខេត្តកំពង់ចាម និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។
ជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕