(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា នៅក្នុងឆ្នាំ២០១៦នេះ ក្នុង១ថ្ងៃៗ អង្គភាពរបស់លោក បានទទួលពាក្យបណ្តឹង ៣ ឬ៤ ករណី ដែលប្តឹងដោយប្រជាពលរដ្ឋ។ លោកថា «យើងខ្ញុំជាមធ្យម (ទទួលបានពាក្យបណ្តឹង) ១ថ្ងៃ ៣ ឬ៤ ហើយប្អូនគុណលេខមើលចុះ»។
លោក ឱម យ៉ិនទៀង បានអះអាងបែបនេះ បន្ទាប់ពីចូលរួមបើកបើកវគ្គបណ្តុះបណ្តាលមួយ នៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីអប់រំដល់គ្រូបង្គោល ក្នុងការផ្សព្វផ្សាយបញ្ជ្រាប ការប្រឆាំងអំពើពុករលួយ ជូនដល់សិស្សានុសិស្សកម្រិតបឋមសិក្សា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ពាក្យបណ្តឹងមកកាន់អង្គភាពប្រឆាំងអំពើពុករលួយទាំងនោះ ពាក់ព័ន្ធនឹងការគ្រប់គ្រង នៅក្នុងអង្គភាព ហើយថា ក្នុងនោះក៏មានបណ្តឹងថ្មីក្នុងវិស័យអប់រំដែលគ្រូបានប្តឹងនាយកសាលាផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៥កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងសរុបចំនួន ៧៧២ ក្នុងនេះលិខិតអនាមិក ៣៦០ ស្មើនឹង ៤៦ ភាគរយផងដែរ៕