(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុកថា ចលនាបរិច្ចាគឈាមស្ម័គ្រចិត្ដ នឹងធ្វើឱ្យមានការចូលរួមកាន់តែច្រើន ហើយនឹងក្លាយទៅជា វប្បធម៌នៃការចែករំលែក ការជួយសង្គ្រោះ ជីវិតជនរងគ្រោះជីវិតជនរងគ្រោះ នៅទូទំាងប្រទេស។
ការថ្លែងរបស់លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុង ពិធីបរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត ដ៏ធំមួយក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺការចែករំលែកជីវិត» ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយនឹងក្រុមហ៊ុនទឹកពិសាវីតាល់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាលបានឲ្យដឹងថា ថ្ងៃនេះ លោកមានសេចក្ដីរីករាយយ៉ាងក្រៃលែង ដោយក្រុមសកម្មជនយុវជនក្រសួងសុខាភិ បាលសហការជាមួយសាកលវិទ្យាល័យ វិទ្យា សាស្ដ្រសុខាភិបាល មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ដជាថ្មីម្ដងទៀត នៅសាកលវិទ្យល័យ វិទ្យសាស្ដ្រសុខាភិបាលនាថ្ងៃ នេះដើម្បីឆ្លើយតបទៅនឹង តម្រូវការឈាមរបស់ជនរងគ្រោះអ្នកជំងឺ ដែលសម្រាកព្យាបាល នៅគ្រប់មន្ទីរពេទ្យ ។
លោក សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវការ ស្វាមគន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុន វីតាល់ ដែលតែងតែចូលរួមចំណែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើងម្តងទៀត ក្នុងបរិវេណសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថា កម្មវិធីលើកនេះធ្វើឡើងដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រេចឲ្យបាន ១០០% នៃអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២០ តាមអនុសាសន៍របស់ WHO សាកលវិទ្យាល័យ នឹងខិតខំប្រឹងប្រែង បន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ប្រមូលអ្នកស្ម័គ្រចិត្តផ្តល់ឈាម ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើជាគំរូ ឈានមុខក្នុងសកម្មភាពមនុស្សធម៌នេះ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណគុណដល់និស្សិត នៃសាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគ ឈាម យ៉ាងច្រើនកុះករជូនដល់មជ្ឈមណ្ឌលក្នុងកំឡុងពាក់កណ្តាលឆ្នាំ ២០១៦នេះ។
លោកបញ្ជាក់ថា ការបរិច្ចាគឈាមគឺមិនមានការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញវាជាសកម្មភាព អាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។ លោកវេជ្ជបណ្ឌិត ក៏បានរំលឹកដល់និសិ្សតទាំងឡាយ ឲ្យពិសាទឹកឲ្យបានច្រើន បន្ទាប់ពីពួកគេបានបរិច្ចាគឈាម រួចលោកថា ទឹកវីតាល់ គឺជាទឹកពិសាដែលមានគុណភាពខ្ពស់ ដែលសក្ក័សមបំផុតការបន្ថែមជាតិ ទឹកសម្រាប់រាងកាយ ដើម្បីជំនួយដល់ការផលិតគ្រាប់ឈាមឡើងវិញរបស់រាងកាយ ។
លោក ហុក គឹមចេង បានឲ្យដឹងថា ប្រមាណជាជាង៥ឆ្នាំមក ហើយដែលសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានអនុញ្ញាតឲ្យ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះទៅទទួលយកអំណោយឈាម ដោយសប្បុរសពី សិស្សនិស្សិតពេទ្យ គ្រប់ដេប៉ាតាម៉ង់ ។
លោកសង្ឃឹមថា កម្មវិធីលើកនេះក៏ រំពឹងយ៉ាងមុតមាំថានឹងទទួលបាន ប្លោកឈាមយ៉ាងហោចណាស់ ៣០០ប្លោកដើម្បីបំពេញបន្ថែមពីនៃកង្វះឈាមទូទាំងប្រទេស។
លោក ប៉ាវ ប៊ុណ្ណារិទ្ធ ប្រធានផ្នែកពាណិជ្ជសញ្ញា នៃក្រុមហ៊ុនវីតាល់ បានឲ្យដឹងថា វីតាល់ពិតជារីករាយ នៅពេលដែលឃើញ សន្ទុះនៃការចូលរួមក្នុងសម្មភាពមនុស្សធម៌គ្រប់រូបភាព ក្នុងសង្គម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសប្អូនៗនិសិ្សត។ ដូច្នេះហើយ វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះកម្មវិធីសប្បុរសធម៌គ្រប់រូបភាពបន្ថែមទៀត ដើម្បីជាសក្ខីភាព នៃការចូលរួមរបស់ អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ។
ដើម្បីលើកទឹកចិត្តនិងជំរុញការបរិច្ចាគឈាម ដោយស្មគ្រ័ចិត្តឲ្យមានសន្ទុះកើនឡើងកាន់តែខ្លាំងទូទាំងប្រទេស វីតាល់ តែងតែផ្តល់ នូវទឹកពិសាគុណភាពខ្ពស់ វីតាល់៦ដបរួមជាមួយនឹងថង់យួរ ដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើការឧបត្ថម្ភរោង និងឆាកដ៏ស្រស់ស្អាត ។
ក្រុមហ៊ុន វីតាល់ ត្រូវបានមើលឃើញថា បាននឹង កំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានា ក្នុងសង្គមដែលថ្មីនេះ វីតាល់បាននាំអំណោយជាតុ ថ្មីមួយ ជូនដល់សាលាសហគមន៍ ភូមិអណ្តូង ព្រមទាំងបរិច្ចាគ ប្លាស្ទិច និងឧបករណ៍ជំនួយការសិក្សា ដល់សាលាដូង ផងដែរ ៕