(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយស្ថាប័នពាក់ព័ន្ធចុះអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ជាពិសេសពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន និងបទល្មើសនេសាទគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ការស្នើបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលមានការចូលរួមពី គណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក ងួន រតនៈ បានថ្លែងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនេះ ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពប្រចាំខែរបស់ខេត្ត និងសកម្មភាពនានាដែលបានកើតមានឡើងនៅក្នុងខេត្តកំពង់ធំ។
លោក ងួន រតនៈ ក៏បានជំរុញដល់មន្ត្រីជំនាញទាំងអស់ បន្តអប់រំ បង្ក្រាប និងដកហូតលើប្រជាពលរដ្ឋណាដែលបន្តកាប់ទន្ទ្រានដីព្រៃលិចទឹក បន្ទាប់ពីអាជ្ញាធរបានធ្វើការកំណត់ព្រំប្រទល់ច្បាស់លាស់រវាងដីឯកជន និងដីរបស់រដ្ឋ។
ជាមួយគ្នានេះដែរ លោកក៏បានដាស់តឿនទៅដល់ប្រធានអង្គភាពអង្គភាពទាំងអស់ មុននឹងទៅណាត្រូវមានលិខិតអនុញ្ញាតសុំច្បាប់ត្រឹមត្រូវ និងមានភាពទទួលខុសត្រូវ៕