(ភ្នំពេញ)៖ លោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើង៤ចំណុច ពាក់ព័ន្ធនឹងបញ្ហាបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ប្រទេសជប៉ុន។
ការលើកឡើងនេះ ឆ្លើយតបតាមការសាកសួររបស់សារព័ត៌មាន ដើម្បីបញ្ជាក់អំពីគោលជំហររបស់ភាគីចិន អំពីបញ្ហានៃការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ប្រទេសជប៉ុន។ លោកបានលើកឡើងដូច្នេះថា៖
«ថ្មីៗនេះ រាជរដ្ឋាភិបាលជប៉ុន បានខិតខំប្រឹងប្រែបង្ហូរទឹកកាកសំណល់ឧបទ្ទវហេតុថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ដែលជាហេតុនាំឱ្យសហគមន៍អន្តរជាតិ មានការព្រួយបារម្ភជាខ្លាំង។ ភាគីចិនតែងតែប្រឆាំងនឹងទង្វើរបស់ភាគីជប៉ុន ក្នុងការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ ដោយយល់ថាភាគីជប៉ុនគួរតែយកចិត្តទុកដាក់ជាមួយ នឹងការព្រួយបារម្ភដ៏សមហេតុផលរបស់សហគមន៍អន្តរជាតិ និងប្រជាជនខ្លួននៅក្នុងស្រុក បំពេញកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ សិក្សាឱ្យគ្រប់ជ្រុងជ្រោយអំពីគោលការណ៍ដោះស្រាយបញ្ហា ទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរក្រៅពីការបង្ហូរចូលទៅក្នុងសមុទ្រ ដោះស្រាយបញ្ហាទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរតាមរបៀបវិទ្យាសាស្ត្រ សុវត្ថិភាព និងប្រកបដោយតម្លាភាពឱ្យសមស្របនឹងស្ថានភាពជាក់ស្ដែង និងព្រមទទួលការចុះពិនិត្យយ៉ាងតឹងតែងពីអន្តរជាតិ។
ខ្ញុំសូមបញ្ជាក់ចំណុចមួយចំនួនបន្ថែមទៀត៖
១៖ ទឹកកាកសំណល់នៃឧបទ្ទវហេតុនុយក្លេអ៊ែរ Fukushima Daiichi ក្នុងប្រទេសជប៉ុនបានឈានដល់ជាង ១.៣ លានតោន ដែលមានសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរជាង ៦០ ប្រភេទ ហើយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរមួយចំនួនបច្ចុប្បន្ននេះ មិនទាន់មានបច្ចេកទេសបន្សុតដែលមានប្រសិទ្ធភាព និងមានការទទួលស្គាល់នៅឡើយទេ សារធាតុនុយក្លេអ៊ែរមួយចំនួនដែលមានអាយុកាលយូរអាចសាយភាយជាមួយមហាសមុទ្រ និងបង្កើតជាឥទ្ធិពលប្រតិកម្មដល់ជីវសាស្ត្រ។ លទ្ធផលតេស្តពិនិត្យចុងក្រោយរបស់ជប៉ុនបានបង្ហាញថា សារធាតុវិទ្យុសកម្ម Cesium ក្នុងត្រីដែលចាប់បាននៅក្នុងកំពង់ផែនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi មានចំនួនលើសពីស្តង់ដារ ដែលឈានដល់ ១៨០ ដងនៃស្តង់ដារស្របច្បាប់នៅក្នុងប្រទេសជប៉ុន។ ភាគីជប៉ុននឹងត្រូវចំណាយពេលវេលារហូតដល់ ៣០ ឆ្នាំក្នុងការបង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ហើយ ១០ ឆ្នាំក្រោយពីបង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ សារធាតុវិទ្យុសកម្មដែលពាក់ព័ន្ធនឹងរាលដាលដល់សមុទ្រទាំងមូលលើពិភពលោក។
២៖ មហាសមុទ្រគឺជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ ការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទៅក្នុងសមុទ្រ មិនមែនជារឿងរបស់ប្រទេសជប៉ុនតែម្នាក់នោះទេ តែគឺជារឿងដ៏សំខាន់បំផុតទាក់ទងនឹងបរិស្ថានមហាសមុទ្រពិភពលោក និងសុខភាពសាធារណៈ។
ទង្វើរបស់ជប៉ុនដែលបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរចូលទៅសមុទ្រ មានគោលបំណងចង់ផ្ទេរហានិភ័យទៅកាន់មនុស្សជាតិទាំងឡាយ ដែលមានផលប៉ះពាល់ឆ្លងដែននិងតំណពូជឆ្លងជំនាន់ វាអាចបង្កើតជាគំរូឧទាហរណ៍អន្តរជាតិដែលធ្លាប់បង្កឡើងដោយមនុស្សជាតិ ដោយធ្លាប់បញ្ចេញកាកសំណល់នុយក្លេអ៊ែរដោយចេតនាចូលទៅក្នុងមហាសមុទ្រ វាបានល្មើសនឹងកាតព្វកិច្ចថែទាំ និងថែរក្សាបរិស្ថានសមុទ្រដែលកំណត់ដោយច្បាប់អន្តរជាតិមានដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងល្មើសជាមួយអនុសញ្ញាទីក្រុងឡុងដ៍ស្ដីពីការបញ្ចេញកាកសំណល់ ដែលកំណត់ហាមឃាត់បញ្ចេញកាកសំណល់វិទ្យុសកម្ម ទៅក្នុងសមុទ្រដោយតាមរយៈរចនាសម្ព័ន្ធសាងសង់(Structure)នៅលើផ្ទៃសមុទ្រ។
៣៖ សហគមន៍អន្តរជាតិបានចោទសួរយ៉ាងដាច់ខាត និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តឯកតោភាគី និងខុសឆ្គងរបស់រាជរដ្ឋាភិបាលជប៉ុនក្នុងការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ហើយក្នុងប្រទេសជប៉ុនក៏មានសំឡេងប្រឆាំងយ៉ាងខ្លាំងផងដែរ។
រាជរដ្ឋាភិបាលជប៉ុនបែរជាធ្វើព្រងើយកន្ដើយធ្វើជាមិនឮ ដើម្បីគេចវេសពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន បដិសេធមិនពិគ្រោះយោបល់យ៉ាងសកម្ម ជាមួយបណ្តាប្រទេសដែលអាស្រ័យផល យកដំណោះស្រាយដោយយកការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រជាជម្រើសតែមួយគត់។ តាមពិតទៅ ដំណោះស្រាយសម្រាប់កាកសំណល់ថាមពលនុយក្លេអ៊ែរក៏នៅមានជម្រើសដទៃទៀតដែរ ប៉ុន្តែរាជរដ្ឋាភិបាលជប៉ុនមិនស្ទាក់ស្ទើរបែរជាជ្រើសរើសយកការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរនេះចូលក្នុងសមុទ្រទៅវិញ ដោយវិធីសាស្រ្តនេះចំណេញថវិកានិងងាយស្រួលបំផុត ហើយមានគំនិតល្បិចកលដោយប្រើប្រាស់របាយការណ៍វាយតម្លៃចម្រុះរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ជាលេសសម្រាប់ការពារខ្លួន និងសម្រាប់អនុញ្ញាតខ្លួនក្នុងការធ្វើទង្វើបង្ហូរទឹកកាកសំណល់ចូលទៅក្នុងសមុទ្របែបនេះ។
៤៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានចេញផ្សាយនូវរបាយការណ៍វាយតម្លៃចម្រុះស្តីពីគោលការណ៍របស់ជប៉ុន ក្នុងការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្រ។
របាយការណ៍នេះមិនបានពិនិត្យភាពស្របច្បាប់ត្រឹមត្រូវនៃគោលការណ៍របស់ជប៉ុនក្នុងការបង្ហូរទឹកកាកសំណល់ទៅកាន់សមុទ្រ មិនបានវាយតម្លៃអំពីប្រសិទ្ធិភាពរយៈពេលវែងរបស់ជប៉ុនក្នុងការដំឡើងប្រព័ន្ធបន្សុតទឹក មិនបានបង្ហាញភាពជាក់លាក់ពិតប្រាកដរបស់ជប៉ុន អំពីទិន្នន័យនៃទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរ សេចក្តីសន្និដ្ឋានពាក់ព័ន្ធនៅតែបន្សល់នូវលក្ខណៈកំណត់ពីស្ថានភាពនិងលក្ខណៈឯកតោភាគី។ យើងខ្ញុំយល់ឃើញថា របាយការណ៍នេះមិនអាចក្លាយជាលេសរបស់ភាគីជប៉ុនក្នុងការបង្ហូរទឹកកាកសំណល់ថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្របានទេ ក៏មិនអាចលុបបំបាត់ចោលនូវទំនួលខុសត្រូវយុត្តិធម៌ និងកាតព្វកិច្ចច្បាប់អន្តរជាតិសម្រាប់ភាគីជប៉ុនដែរ។
សង្ឃឹមថាភាគីជប៉ុនបញ្ឈប់សកម្មភាពទាំងនេះនិងត្រឡប់បកក្រោយវិញ កែប្រែគោលការណ៍របស់ខ្លួន ដើម្បីការការពារបរិស្ថានអេកូឡូស៊ីសមុទ្ររួមរបស់យើង ថែរក្សាអាយុជីវិតនិងសុខភាពរបស់មនុស្សជាតិគ្រប់រូប និងការពារភាពផែនដីដែលជាលំនៅស្ថានរួមគ្នារបស់មនុស្សជាតិគ្រប់រូប»៕