(សៀមរាប)៖ កាលពីព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ លោកបណ្ឌិត ស៊ាន បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តសៀមរាប (CUS)ចំនួន ២,១៤១នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើង នៅសាលសន្និសីទធំសណ្ឋាគារសុខាសៀមរាប។
យោងតាមរបាយការណ៍ បានឱ្យដឹងថា សាកលវិទ្យាល័យ បានប្រារព្វពិធីប្រគល់សញ្ញាបត្រចំនួន៩លើករួចមកហើយ។ ៨លើក ធ្វើនៅរាជធានីភ្នំពេញ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមួយលើកក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង។
ចំណែកពិធីប្រគល់សញ្ញាបត្រលើកទី១០ ប្រារព្ធធ្វើឡើងក្រោមអធិបតីលោកបណ្ឌិត ស៊ាន បូរាត តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាសាខាខេត្តសៀមរាប មានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលធ្វើបដិសណ្ឋារកិច្ចប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុត ចំពោះលោកបណ្ឌិត ស៊ាន បូរាត រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡាប្រធានគណៈអធិបតី, លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យ, លោកស្រី ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប គណៈអធិបតី និងភ្ញៀវកិត្តិយសដែល អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីយ៉ាងច្រើនកុះករ។
ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើចំនួន ៩៧,៨៥ភាគរយ ក្នុងនោះកម្រិតបរិញ្ញាបត្ររងមានការងារធ្វើចំនួន ៩៦,៥៨ភាគរយ, កម្រិតបរិញ្ញាបត្រចំនួន ៩៧,៩៧ភាគរយ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩៦,៩៧ភាគរយ។
ចំណែកឯអតីតនិស្សិតនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាមួយចំនួនបាន និងកំពុងបំពេញការងារ និងមុខតំណែងសំខាន់ៗ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន រួមមានជាអ្នកតំណាងរាស្រ្ត រដ្ឋលេខាធិការ អនុរដ្ឋ-លេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលរងខេត្ត ប្រធាន/អនុប្រធាននាយកដ្ឋាន ចៅក្រម មេធាវី ប្រធាន/អនុប្រធានមន្ទីរ អភិបាល/អភិបាលរងក្រុង ស្រុក ខណ្ឌ អគ្គនាយកក្រុមហ៊ុន នាយក/នាយករង សាលារៀន ជាសាស្រ្តាចារ្យ បុគ្គលិករដ្ឋ និងឯកជន។
សាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តសៀមរាប បានចាប់ផ្តើមបណ្តុះបណ្តាលកាលពី២០០៤ហើយ បានធ្វើសកម្មភាពយ៉ាងសកម្មលើការបណ្តុះបណ្តាល ផ្តល់ពុទ្ធិ និងចំណេះជំនាញដល់និស្សិតកម្រិតឧត្តមសិក្សា ដើម្បីចូលរួមកសាងធនធានមនុស្ស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
គិតទាំងនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះផង ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សា២០២១-២០២២នេះ សាខាសាកលវិទ្យាល័យ មាននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យសរុបចំនួន ៦,៩៧៩នាក់(ស្រី ២,៨៤៩នាក់)។
បច្ចុប្បន្នមាននិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន ១១,៧៤៧នាក់ នារី ៥,៧៨៨នាក់ កំពុងសិក្សានៅតាមទីតាំង និងសាខាទាំង ៩រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពត។
លោកបណ្ឌិត មាស បូរ៉ា បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យកំពុងបំពេញការងារនៅសាខាខេត្តសៀមរាបចំនួន ១៣០នាក់ នារី ២៦នាក់។
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បច្ចុប្បន្នមានទីតាំងគោលនៅរាជធានីភ្នំពេញ និង៦សាខា នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មានអគារសិក្សា ចំនួន ៩អគារ បន្ទប់សិក្សាចំនួន ២៤៥ សាលសន្និសីទចំនួន៩ បណ្ណាល័យចំនួន៨ បន្ទប់អនុវត្តភាសាចំនួន ៩ បន្ទប់បណ្តុះបណ្តាលព័ត៌មានវិទ្យាចំនួន៩ មានកុំព្យូទ័រចំនួន ៥៣០គ្រឿង LCD Projectors ចំនួន ២១០គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធផ្សេងៗទៀតផង មានការិយាល័យធ្វើការរួម និងដោយឡែក ចំនួន ៥៧ បាននិងកំពុងបណ្តុះបណ្តាល នៅក្នុងមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច, មហាវិទ្យាល័យវិស្វកម្ម, និងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ។
ដើម្បីកសាងឱ្យបាននូវធនធានមនុស្សប្រកបដោយ គុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានកំណត់នូវគោលការណ៍គ្រឹះក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន និងជំរុញការអនុវត្តនូវយុទ្ធសាស្រ្តកំណែទម្រង់វិស័យឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយធ្វើសុក្រឹតកម្ម ក្របខណ្ឌកម្មវិធីសិក្សាឱ្យឆ្លើយតបនឹងការវិវត្តឧស្សាហកម្មសេដ្ឋកិច្ចសង្គមឌីជីថល នវានុវត្តន៍ និងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវទេពកោសល្យពោលគឺ៖
ទី១៖ និស្សិតត្រូវខិតខំសិក្សាស្រាវជ្រាវរៀនសូត្រពេញមួយជីវិត ដើម្បីពង្រីកចំណេះដឹងឱ្យបានកាន់តែទូលំទូលាយក្នុងការសម្របខ្លួន ទៅនឹងយុគសម័យសាកលភាវូបនីយកម្ម សង្គមពុទ្ធិ និងសម័យសេដ្ឋកិច្ចឌីជីថល។
ទី២៖ សាស្រ្តាចារ្យ ត្រូវខិតខំស្រាវជ្រាវវិធីសាស្រ្តបង្រៀនថ្មីៗ ក្នុងសតវត្សរ៍ទី២១ និងរៀបចំមាតិកាបង្រៀនតាមបែបថ្នាលឌីជីថលស្របតាមការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន។
ទី៣៖ បុគ្គលិកសិក្សាត្រូវខិតខំផ្តល់សេវាកម្មប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។
សាកលវិទ្យាល័យ យល់ឃើញថា «មានធនធានមនុស្សល្អ គឺមានអ្វីៗទាំងអស់ដែលល្អ និងល្អជាង»។ ការបណ្តុះបណ្ដាលដុសខាត់ កែច្នៃបុគ្គលទាំងនោះ ឱ្យក្លាយជាធនធានមនុស្សល្អ មានសមត្ថភាពជំនាញកាន់តែខ្ពស់ មានអត្តចរិតល្អ អំណត់ព្យាយាម សកម្មការងារ គឺជាទង្វើស្នេហាជាតិ ជាទង្វើប្រកបដោយកុសលធម៌ ទទួលបានផលបុណ្យក្នុងជាតិនេះតែម្ដង ដែលបណ្តាតួអង្គទាំងអស់របស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ចាំបាច់ត្រូវខ្មីឃ្មាតប្តូរផ្តាច់សម្រេចឱ្យបានជោគជ័យ ជូនសង្គមជាតិ ស្របតាមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់ប្រមុខរាជរដ្ឋាភិបាល ដោយចាត់ទុកធនធានមនុស្សជាអាទិភាពទី១ នៃអភិក្រមគោលនយោបាយអភិឌ្ឍន៍របស់រាជរដ្ឋាភិបាលគឺ មនុស្ស ផ្លូវ ភ្លើង និងទឹក។
លោកបណ្ឌិត មាស បូរ៉ា បានគូសរំលេចថា លទ្ធផល និងសមិទ្ធផលសម្រេចបានជាង ២០ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាព លទ្ធភាព និងបទពិសោធន៍ ដែលសហការី សហការិនី និងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានក្នុងបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនគឺ «បណ្តុះបណ្តាលឱ្យមានចំណេះដឹង បណ្តុះបណ្តាលឱ្យមានចំណេះធ្វើ បណ្តុះបណ្តាលឱ្យមានបុគ្គលិកលក្ខណសម្បត្តិល្អ ដើម្បីជោគជ័យក្នុងការងារ និងមុខរបរ»។
ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះសាកលវិទ្យាល័យបានធ្វើការអភិវឌ្ឍន៍ទាំងទំហុំ និងជម្រៅបន្ថែមជាច្រើនទៀតលើ៖ការពង្រើកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការពង្រឹងបច្ចេកទេសបង្រៀន និងរៀនតាមបរិបទថ្មីសម័យឌីជីថល វិធីបង្រៀន និងរៀនលើគន្លងថ្មីនៃសត្សវត្តទី២១, ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ,ពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ICT។
ដើម្បីពង្រឹង និងទាញយកអត្ថប្រយោជន៍ពីលំហូរចំណេះដឹង និងឧត្តម្មានុវត្តជាក់ស្តែង សាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារ ដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជាប្រចាំ និងក៏បានបញ្ជូននិសិ្សតចុះកម្មសិក្សាដល់ការដ្ឋានការងារជាក់ស្តែងតាមកម្មវីធីជាក់លាក់។
សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែល ជាដើម។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ បានបញ្ជូន សាស្រ្តាចារ្យ និងនិស្សិត ទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេសមកផ្លាស់ប្តូរការសិក្សាជាមួយ និស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ផងដែរ។
សាកលវិទ្យាល័យតែងបានចូលរួមវេទិកា និងសន្និសីទអន្តរជាតិធំៗ ក្នុងវិស័យអប់រំ មានជាអាទិ៍សន្និសីទប្រចាំឆ្នាំ ស្តីពីអ្នកដឹកនាំអាជីពក្នុងវិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក QS-APPLE វេទិកាថ្នាក់ ដឹកនាំ សាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និងសិក្ខាសាលា ស្តីពីការធានាគុណភាពអប់រំ របស់ បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ AUN-QA ជាដើម។
ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុកចំនួន៥៤៣ នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានេះ ដើម្បីធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព គុណតម្លៃ បញ្ញាច្នៃប្រឌិត ខ្ពស់ និងជោគជ័យឆ្នើមក្នុងអាជីពការងាររបស់ខ្លួន ស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកការបណ្ដុះបណ្ដាលឯកទេសខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្ត (STI) ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
លោកបណ្ឌិត ស៊ាន បូរ៉ាតក្នុងនាមប្រធានគណៈអធិបតី បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់នូវចំណុចគន្លឹះមួយចំនួន៖
ទី១៖ មិនត្រូវបញ្ចប់ការសិក្សារៀនសូត្រត្រឹមនេះទេ តែត្រូវបន្តការសិក្សា ស្រាវជ្រាវរៀនសូត្របន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យបានកាន់តែទូលំទូលាយក្នុងការសម្របខ្លួន ទៅនឹងយុគសម័យសាកលភាវូបនីយកម្ម សង្គមពុទ្ធិ និងសម័យសេដ្ឋកិច្ចឌីជីថល។
ទី២៖ ត្រូវប្រកាន់ឥរិយាបទល្អ ជាអ្នកមានវិន័យល្អប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់នៅគ្រប់ទីកន្លែង។ មានភាពស្មោះត្រង់ចំពោះខ្លួនឯង ចំពោះក្រុមគ្រួសារ ចំពោះមនុស្សនៅជុំវិញខ្លួន និងចំពោះប្រទេសជាតិយើង។ត្រូវត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយការទទួលខុសត្រូវខ្ពស់មុនពេលសម្រេចចិត្តអ្វីមួយ ចៀសវាងផ្តល់ផលវិបាកដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។
ទី៣៖ ត្រូវយកចំណេះដឹងទៅ បណ្តុះគំនិតសហគ្រិនភាព ដើម្បីរួមចំណែកបង្កើតអាជីវកម្មថ្មី ដោយចាប់ផ្តើមពីអាជីវកម្មខ្នាតតូច និងបន្តខិតខំអភិវឌ្ឍឱ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់។
ទី៤៖ ត្រូវយកចំណេះដឹង ជំនាញដែលទទួលបានពីការសិក្សាទៅប្រើប្រាស់ឱ្យចំគោលដៅ ឱ្យបានជាប្រយោជន៍ បង្កើនកម្រិតជីវភាពគ្រួសារ ហើយសិក្សាស្រាវជ្រាវកែលម្អបន្ថែមពីអ្នកជុំវិញខ្លួន៕