(កណ្ដាល)៖ ស្រុកល្វាឯម នឹងប្រែក្លាយមុខមាត់ថ្មី ពីស្រុកកូនពៅ នៃខេត្តកណ្ដាល ដែលអភិវឌ្ឍន៍ក្រោយគេ ក្លាយជាទីក្រុងរណបថ្មីឆាប់ៗខាងមុខនេះ ក្រោយដំណើរការអភិវឌ្ឍន៍មានសន្ទុះហក់ឡើងខ្លាំងជាងគេ ពោលគឺមានថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត និងអភិបាលស្រុកផ្ទាល់ បានខិតខំតស៊ូស្វិតស្វាញអភិវឌ្ឍន៍ស្រុកល្វាឯមឲ្យសន្ទុះលូតលាស់បានលឿន។

ស្រុកល្វាឯម អាចចាត់ទុកជាតំបន់មុខស្រួចត្រូវអភិវឌ្ឍន៍ឲ្យបានខ្លាំង និងលឿនបំផុត ក្រោយស្រុកនេះស្ថិតចំចំណុច នៃការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ហើយតភ្ជាប់ស្ពានកាត់ទន្លេមេគង្គក្រោម និងស្ពានកាត់ពី ជ្រោយចង្វារ បុកមកល្វាឯមថែមទៀត ដែលការណ៍នេះ ហាក់ជំរុញដល់ស្រុកល្វាឯមកែប្រែមុខមាត់៣៦០ដឺក្រេតែម្ដង។

លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា ស្រុកល្វាឯមបានកែប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ខណៈដែលផ្លូវទាំងឡាយធ្លាប់តែជាផ្លូវដី តែឥលូវបានកែប្រែជាបេតុង កៅស៊ូ គ្រួសក្រហមប្រមាណជា៩០%ហើយ ខណៈគោលនយោបាយទឹក ផ្លូវ ភ្លើង ត្រូវបានផ្ដល់ជូនពលរដ្ឋស្រុកល្វាឯមបានគ្រប់គ្រាន់។ ស្រុកមានរោងចក្រផលុតអគ្គិសនីតម្លៃវាល់លានដុល្លារ មានទឹកស្អាត មានបង្គន់អនាម័យគ្រប់ផ្ទះ មានផ្សារ សាលារៀន មន្ទីរពេទ្យ សាខាកាកបាទក្រហម។ ជាមួយគ្នានេះ ការដាក់ភ្លើងសូឡា បានចំនួន២,០០០ដើមជាដើម។

លោកអភិបាលស្រុថ្លែងបន្តថា ស្រុកមានផែនកការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅស្រុកបានយ៉ាងច្បាស់លាស់ ពោលគឺសម្របសម្រួលបង្កភាពងាយស្រួល ជាពិសេសសម្រាប់ការមកបញដាក់ទុនវិនិយោគផ្សេងៗ នៅស្រុកល្វាឯម ដោយចាត់ឲ្យមន្ត្រីទាំងអស់ពីមូលដ្ឋានត្រូវបង្កភាពងាយស្រួលដល់ការវិនិយោគទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះ លោកអភិបាលស្រុក ក៏បានលើកឡើងពីការគិតគូរពង្រឹងប្រព័ន្ធអប់រំ កីឡា អាហាររូបករណ៍ផងដែរ ដោយមួយឆ្នាំអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ផ្ដល់អាហាររូបករណ៍ពី ៥០នាក់ទៅ ៦០នាក់ ហើយគិតដល់បច្ចុប្បន្ន និស្សិតបសរុបដែលបានសិក្សាមានជាង ៣០០កន្លែងមកហើយ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានកសាងសួនច្បារ តារាងបាល់ទះ និងក្លឹបការ៉ាត់តេជាដើម ដែលមានសិស្សកំពុងហ្វឹកហាត់ចំនួន៥០នាក់​ ធ្លាប់ប្រកួតថ្នាក់ជាតិ និងប្រកួតស៊ីហ្គេមបានមេដាយប្រាក់ទៀតផង។ រៀបចំកសាងទីតាំងសម្រាប់កងកម្លាំងទាំង៣ ហើយថែមទាំងរៀបចំកន្លែងពិសោធន៍សម្រាប់ចិញ្ចឹមមាន់បែបបច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកអភិបាលស្រុក បានលើកឡើងពីគុណបំណាច់យ៉ាងធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំកសាងសន្តិភាពយាងលំបាក ដឹកនាំប្រទេសពីបាតដៃទទេ ពីផេះផង់ មកស្គាល់ពីរសជាតិសេចក្ដីសុខសប្បាយ រីករាយ រុងរឿង រីកចម្រើន សេដ្ឋកិច្ចរីកលូតលាស់ ពលរដ្ឋមានជីវភាពធូរធាឡើងៗ ហើយលោកប្ដេជ្ញាកៀរគរសមាជិក សមាជិកា និងពលរដ្ឋទូទាំងស្រុកល្វាឯមឲ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕