(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការងារពេញមួយអាណត្តិរួចមក ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត លោក ខៀវ កាញារីទ្ធ បានរៀបចំពិធីបូកសរុបលទ្ធផលការងាររបស់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក លី វ៉ាន់ហុង ប្រតិភូរាជដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាតំណាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងវត្តមាន លោក ហាន កុសល អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ខៀវ កាញារីទ្ធ បានជម្រាបជូនពីលទ្ធផលសកម្មភាពក្រុមគ្រូពេទ្យស្មគ្រ័ចិត្តលោក ខៀវ កាញារីទ្ធ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានអនុវត្តន៍នាពេលកន្លងមកនេះ។

ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តលោក ខៀវ កាញារីទ្ធ ចាប់ផ្តើមបង្កើតឡើងនៅខែមីនា ឆ្នាំ២០១៩ ដែលបច្ចុប្បន្ននេះ មានសមាសភាពសរុបចំនួន ៩២នាក់ក្នុងនោះមាន វេជ្ជបណ្ឌិតចំនួន ១០នាក់ ទន្តបណ្ឌិត១ នាក់ គ្រូពេទ្យ ៤នាក់ គិលានុបដ្ឋាកយិកា ៦២នាក់និងនិស្សិតគិលានុបដ្ឋាក ទន្តគិលាន១៥នាក់។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ខៀវ កាញារីទ្ធ បានចុះពិនិត្យព្យាបាល និងថែទាំជំងឺជូនប្រជាជនដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ នៅទូទាំងក្នុងស្រុកកោះសូទិនបានចំនួន ២៩លើក សរុបចំនួនបានពិនិត្យព្យាបាល ១៨,២៨០នាក់, ស្រី ៩,៦៦០នាក់ ហើយត្រូវចំណាយថវិកាអស់ប្រមាណជាង ២៧៩លានរៀល។

លទ្ធផលដែលទទួលបាននាឱកាសនេះ អាស្រ័យដោយមានការចូលរួមប្រកបដោយ បរិយាបន្នពី លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ដែលបានគាំទ្រយ៉ាងពេញទំហឹង និងឧបត្ថម្ភទាំងស្មារតី និងថវិកា រួមជាមួយក្រុមការងារ ក្រសួងព័ត៌មាន ចុះជួយស្រុក និងឃុំទាំង៨ ក្នុងស្រុកកោះសូទិន បូករួមជាមួយឆន្ទៈចូលរួមរបស់អាជ្ញាធរភូមិ ឃុំ ពិសេសឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោករដ្ឋមន្ត្រី ដែលនាំមកនូវលទ្ធផលគួរជាទីមោទនៈ។

លោកវេជ្ជបណ្ឌិត សៅ សំបូរ ជំនួសមុខក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណប្រកបដោយការ ដឹងគុណជូនចំពោះ លោក ខៀវ កាញារីទ្ធ និងលោកស្រី ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតីនិងថវិកា ពិសេសបានផ្តល់ថវិកាសម្រាប់បង្កើត កម្មវិធីជប់លៀងនេះជាកិច្ចលើកទឹកចិត្តចំពោះការប្រឹងប្រែងមិនខ្លាច នឿយហត់របស់ក្រុមគ្រូពេទ្យក្នុងការងារពិនិត្យព្យាបាលនិងថែទាំជំងឺ ជូនប្រជាពលរដ្ឋ។

លោក ហាន កុសល ក្នុងនាមលោកអភិបាលខេត្តកំពង់ចាម អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងស្រុកកោះសូទិន បានសំដែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត លោក ខៀវ កាញារីទ្ធ ដែលបានចុះជួយពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃនាពេលកន្លងមកនេះ ដែលជាការបង្ហាញពីការគិតគួរនិងយកចិត្តទុក្ខដាក់ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទៅជនបទ។

លោក លី វ៉ាន់ហុង បានសំដែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីចុះមកជួយធ្វើការពិនិត្យព្យាបាលជំងឺជូនដល់បងប្អូន ប្រជាពលរដ្ឋ តាមបណ្តាឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកបានបញ្ជាក់ថា នៅពេលបន្តបន្ទាប់ខាងមុខទៀត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ខៀវ កាញារីទ្ធ នឹងបន្តបេសកកម្មការងារចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋតាមភូមិ ឃុំ នានាក្នុងស្រុកកោះសូទិន ហើយជាមួយនេះក៏មានការផ្តល់ជូនវែនតាម្ញូប ថែមទៀតផងដែរ។

ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត លោក ខៀវ កាញារីទ្ធ បានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។ សកម្មភាពការងារមនុស្សធម៌ នាពេលកន្លងនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ លោក ខៀវ កាញារីទ្ធ លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកោះសូទិន។

កម្មវិធីនៃការផ្តល់សេវា នាឱកាសនេះ រួមមាន ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ពិនិត្យជំងឺធ្មេញ ពិសេសដកធ្មេញ វាស់ភ្នែក ផ្តល់ជូនវ៉ែនតា ដល់ ចាស់ៗ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៕