(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ក្នុងម្នាក់ឱ្យបាន២ដើម ដើម្បីចូលរួមថែរក្សាស្រទាប់បរិយាកាសផែនដី ការពារការឡើងកម្តៅ គ្រោះមហន្តរាយនានា និងជាទីជម្រកផងដែរ។

ការថ្លែងបែបនេះ ឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធីបតីក្នុងពិធី ការប្រគល់ និងដាំកូនឈើចម្រុះ ចំនួន ៥០០ដើម ប្រារព រុក្ខទិវា ៩ កក្កដា នៅភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងនោះមាន៖ ដើមគគី ក្រញូង ធ្នង់ និងដើមស្តៅផងដែរ។

លោក វ៉ា ថន បានគូសបញ្ជាក់ថា ធនធានព្រៃឈើបានផ្ដល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ តាំងពីដើមរៀងរហូតមក ហើយព្រៃឈើ មិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយ័តភាពប្រភពទឹក ការពារទីជំរាល និងការពារជីវចម្រុះជាដើម ព្រៃឈើគឺជាប្រភពផ្តល់ការរស់រានមានជីវិតចំពោះមនុស្សសត្វ ដែលមានជីវិតនៅលើភពផែនដីយើងនេះ។ នៅលើដីមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយប្រកបដោយព្រៃឈើគ្រប់ប្រភេទបំរើអោយជីវភាពសង្គម និងការអភិវឌ្ឍ ព្រមទាំងជាជំរកដ៏សុខសាន្តរបស់ម្រឹគីម្រឹគាទាំងឡាយ ក្នុងចំណោមភោគទ្រព្យធម្មជាតិដ៏វិសេសវិសាលទាំងនេះខេត្តក្រចេះ ក៏បានទទួលនូវមរតកព្រៃឈើដែលគ្របដណ្ដប់លើផ្ទៃដីទូទាំងខេត្តប្រមាណ ៨១ភាគរយផងដែរ។

លោកអភិបាលខេត្តបន្តថា ដើម្បីសម្រេចបាននូវទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើបានជំរុញការអនុវត្ត កម្មវិធីការងារនៃកម្មវិធីព្រៃឈើជាតិ ជាពិសេសកម្មវិធីកំណត់ព្រំប្រទល់ព្រៃឈើ កម្មវិធីអភិរក្សធនធាន ព្រៃឈើ និងកម្មវិធីសហគមន៍ព្រៃឈើជាដើម។ កត្តាសំខាន់បំផុត គឺយើងទាំងអស់គ្នាត្រូវខិតខំលើកកម្ពស់កិត្យានុភាព ប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ ដែលយើងទាំងអស់គ្នា ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋត្រូវគោរពប្រតិបត្តិស្មើៗគ្នា។ ការធ្វើដូច្នេះបង្កើតបានជាទម្លាប់មួយរបស់ជាតិ មាតុភូមិក្នុងការលើកតម្កើងសេចក្តីថ្លៃថ្នូររបស់ជាតិ ប្រសិទ្ធភាពច្បាប់ ដែលជាបច្ច័យនាំឱ្យមានការ អភិវឌ្ឍជាតិឆ្ពោះទៅរកអនាគត់ដ៏រុងរឿង យុត្តិធម៍ និងនិតិរដ្ឋ។

លោកក៏បានសូមសំណូមពរឱ្យអង្គពិធីទាំងមូល ពុំគប្បីចាត់ទុកថាការងារដាំដើមឈើ និងភារកិច្ចថែរក្សាការពារសម្បត្តិ ព្រៃឈើជាភារកិច្ចដោយឡែករបស់ស្ថាប័នណាមួយឡើយ ផ្ទុយទៅវិញវាជាភារកិច្ចដ៏វិសេសវិសាល របស់ប្រជាពលរដ្ឋម្នាក់ៗ និងប្រជាជាតិទាំងមូល ព្រោះថាព្រៃឈើ គឺជាមរតករួមរបស់ជាតិ ព្រៃឈើជាអាយុជីវិតសត្វលោក ព្រៃឈើជាសុខភាពរបស់ប្រជាពលរដ្ឋដាំដើមឈើឡើងវិញ គឺសន្សំទ្រព្យសំរាប់កូនចៅជំនាន់​ ក្រោយរបស់យើង៕