(កោះកុង)៖ លោក ហៃ ឡៃសុន បានដឹកនាំក្រុមការងារសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយ និងបង្រៀនការគូសសន្លឹកឆ្នោតឲ្យត្រូវក្នុងគោលការណ៍របស់គណៈកម្មាធិការៀបចំបោះឆ្នោត ដែលអាចយកជាផ្លូវការ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិចំបក់ ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
លោក ហៃ ឡៃសុន បានថ្លែងថា នេះជាសក្ខីភាពមួយដែលលោក និងក្រុមការងារបក្សបានចុះមកសួរសុខទុក្ខសំណេះសំណាលដល់មូលដ្ឋានតាមខ្នងផ្ទះ និងធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស និងដើម្បីណែនាំបង្រៀនសាកល្បងគូសលើសន្លឹកឆ្នោតគ្រប់ៗគ្នា ជៀសវាងកុំឲ្យគូសខុស និងពន្យល់ដល់ពួកគាត់ធ្វើយ៉ាងម៉េចគូសឲ្យបានត្រឹមត្រូវដែលអាចយកជាការ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងបំពេញកាតព្វកិច្ចខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សំដៅកសាង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន។
ក្នុងឱកាសនេះ លោករួមទាំងក្រុមការងារ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្រឡាញ់ ពេញចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន និងសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសកសាង អភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពិសេសការពារសន្តិភាព ជូនជាតិ និងប្រជាពលរដ្ឋរស់នៅបានសុខសាន្ត មានសុវត្ថិភាពមានសិទ្ធិពេញលេញ៕