(ម៉ានីល)៖ អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី បានបញ្ជាក់ច្បាស់ៗថា សហរដ្ឋអាមេរិកមិនដែលចូលរួម នៅក្នុងការប្រកួតប្រជែងទាមទារ អធិបតេយ្យ ឬក៏ផលប្រយោជន៍អ្វីនៅតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។
ការថ្លែងខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក ចន ឃើរី និងរដ្ឋមន្ត្រីការបរទេសហ្វីលពីន លោក Perfecto Yasay ដែលរៀបចំឡើងនៅក្នុងទីស្នាក់ការក្រសួងការបរទេសហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល។ ការ បំពេញទស្សនកិច្ចរបស់លោក ចន ឃើរី ត្រូវបានគេមើលឃើញថា ជាការអបអររដ្ឋាភិបាលថ្មីរបស់ប្រទេសសម្ព័ន្ធមិត្តខ្លួន ដែលទើបឡើងកាន់អំណាច និងជាពិសេសនោះគឺការស្វែងយល់ពីជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោយតុលាការអន្តរជាតិបានកាត់ក្តីឲ្យហ្វីលីពីន ឈ្នះចិនលើការអះអាងអធិបតេយ្យ កាលពីថ្ងៃទី១២ ខែកក្កដា៕