(ភ្នំពេញ)៖ លោកបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការក្រសួងមុខសារធារណៈ និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ភាពជាអ្នកដឹកនាំត្រូវប្រកាន់យករឿងចំនួន ៣ចំណុច ទើបមានប្រសិទ្ធភាពដឹកនាំ ក្នុងការអនុវត្តកិច្ចការផ្សេងៗ ឱ្យទទួលបានប្រសិទ្ធភាព។
ភាពជាអ្នកដឹកនាំ គឺសំដៅលើបុគ្គលដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការ ព្រមទាំងបង្កើតយុទ្ធសាស្ត្រដើម្បីឱ្យអ្នកក្រោមបង្គាប់អនុត្តន៍តាមប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពនៃការងារ។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត សួន រ៉ានី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញធ្វើបាឋកថាស្ដីពី «តើភាពជាអ្នកដឹកនាំមានតម្លៃបែបណាសម្រាប់យើងម្នាក់ៗ» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា។
ភាពជាអ្នកដឹកនាំត្រូវតែប្រកាន់យកទាំង៣ចំណុច ដែលលោក សួន រ៉ាឌី លើកឡើងនោះរួមមាន៖
*ទី១៖ សមត្ថភាព ភាពជាអ្នកដឹកនាំត្រូវមានសមត្ថភាពចំណេះដឹងខ្លាំងពូកែ ទាំងជំនាញទុន និងជំនាញរឹង មានទ្រឹស្ដី ត្រូវតែមានការអនុវត្តន៍ ទើបមានប្រសិទ្ធភាព។ ជាក់ស្ដែងការដឹកនាំកូនចៅក្នុងគ្រួសារ អាណាព្យាបាល ត្រូវចេះអប់រំកូនចៅ ចាប់ពីកុមារភាព រហូតដល់ពេញវ័យ ទើបធ្វើឱ្យមនុស្សមានរបៀបរស់នៅបានសមរម្យ និងក្លាយទៅជាធនធានមនុស្សល្អ សម្រាប់ប្រទេសជាតិ។
*ទី២៖ សីលធម៌ ការដឹកនាំត្រូវមានចំណេះដឹងហើយ ប្រកបដោយសីលធម៌ ក្នុងការរស់នៅ និងដឹកនាំកូនចៅក្នុងស្ថាប័នការងារ និងគ្រួសារ។ ជាក់ស្ដែង ប្រសិនបើចង់ឱ្យកូនចៅមានរបៀបរស់នៅល្អ ឪពុកម្ដាយត្រូវធ្វើជាគំរូល្អៗដល់កូនរបស់ខ្លួន។ មិនត្រូវឈ្លោះប្រកែកគ្នា ឬមានអំពើហិង្សាក្នុងគ្រួសារនោះទេ ព្រោះនឹងនាំឱ្យកូនមានបញ្ហាផ្លូវចិត្ត ឬយកគំរូតាមឪពុកម្ដាយរបស់ខ្លួន។
*ទី៣៖ ស្រស់សមសួន ភាពជាអ្នកដឹកនាំ ត្រូវចេះរៀបចំខ្លួនឱ្យសមរម្យ និងមានរបៀបរៀបរយ ពីព្រោះមនុស្សកើតមកមានរូបរាង និងសម្រស់មិនដូចគ្នាទេ។ ប៉ុន្តែត្រូវចេះរៀបចំខ្លួនឱ្យស្រស់សមសួន មិនថាសម្បុរខ្មៅ ឬស នោះឡើយ។
លោកបណ្ឌិត សួន រ៉ានី បានបញ្ជាក់ថា ភាពជាអ្នកដឹកនាំ មិនមែនមានត្រឹមតែរឿង ៣ចំណុចនោះទេ តែត្រូវចេះបត់ បែន តាមកាលៈទេសៈ ឬស្ថានភាពការងារនោះ។ ម្យ៉ាងទៀត មិនត្រូវភ្លេចរឿងមួយទៀតនោះគឺ «ការទំនាក់ទំនង» មនុស្សជុំវិញខ្លួន និងរវាងមជ្ឈដ្ឋានខាងក្រៅផ្សេងទៀត។
បន្ថែមពីនេះលោកណ្ឌិត បានបន្តថា មនុស្សទាំងអស់សុទ្ធតែមានភាពជាអ្នកដឹកនាំគ្រប់គ្នា ប៉ុន្តែ ភាពជាអ្នកដឹកនាំនោះមានតិច ឬច្រើនតែប៉ុណ្ណោះ៕