(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នឹងត្រូវបិទនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ តទៅ។

អនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៨៣ កថាខណ្ឌទី១ វាក្យខណ្ឌទី២ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ១ វាក្យខណ្ឌទី២ ដែលចែងថា «សម័យប្រជុំរដ្ឋសភា នីមួយៗមានថិរវលាយ៉ាងតិចបីខែ»

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ បានចាប់ផ្ដើម ដំណើរការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មកដល់ថៃ្ងទី០៦ ខែកក្កដា ឆ្នាំ២០២៣ មានរយៈពេលលើស ៣ខែ នៅក្នុងរយៈពេលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាល ទី៦ នេះ រដ្ឋសភាសម្រេចបានលទ្ធផលការងារដូចតទៅ៖

១៖ អនុម័តសេចក្តីព្រាងច្បាប់បានចំនួន ១៥ ច្បាប់ ។

២៖ រដ្ឋសភាបានទទួលបានពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋសរុបចំនួន ២៧ រឿង ហើយបានបញ្ចូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន ១៤រឿង កំពុងពិនិត្យសិក្សាចំនួន ១៣រឿង និងទទួលលិខិតឆ្លើយតបពីក្រសួង ស្ថាប័នមានសមត្ថកិច្ចចំនួន ០៣រឿង ។

៣៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភាបានចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋតាមរាជធានី ខេត្ត ចូលរួមពិធីសម្ពោធសមិទ្ធផលផ្សេងៗ និងចូលរួមពិធីបើក និងបិទ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

៤៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា បានចូលរួមកិច្ចប្រជុំនានា នៃអង្គការអន្តរសភានានា ចំនួន ០៣លើក និងបានអមព្រះរាជដំណើរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា៕