(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកស្នងការរង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៦២១ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់រាល់ការឆ្លងដែនរបស់ពួកឧទ្ទាម ដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីនៃប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគ បរិភោគ រួមមានដូចជា៖ តង់, ភួយ, មី, ទឹកត្រី, ទឹកស៉ីអ៉ីវ, ប្រេងឆា, ត្រីខ, ប៊ីចេង, អង្ករ, ទឹកសុទ្ធវីតាល់, អាហារក្រៀម និងថវិកាសម្រាប់លើកទឹកចិត្តមួយចំនួនធំ ប្រគល់ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងនៅតាមបណ្ដាប៉ុស្តិ៍ការពារព្រំដែន មានដូចជា ប៉ុស្តិ៍អូររលែ ប៉ុស្តិ៍អូរហ៊ុច និងតាមបណ្តាប៉ុស្តិ៍មួយចំនួនទៀត និងបានពិនិត្យមើលទៅលើស្ថានភាពផ្លូវដែលកំពុងជួបការលំបាកដល់ កងកម្លាំងក្នុងការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន។

មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានណែនាំដល់កម្លាំងនគរបាលកំពុងស្នាក់នៅប្រចាំការតាមប៉ុស្តិ៍អង្កេតការណ៍ បង្កើននូវការត្រៀមទប់ស្កាត់នូវរាល់ការលួចចូលរបស់ក្រុមពួកឧទ្ទាម ដែលមានបំណងប៉ុនប៉ងឆ្លងដែន ចូលមកទឹកដីកម្ពុជា។

លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងនគរបាលការពារព្រំដែន សូមឲ្យមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា៕