(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនជាង២០០គ្រួសារ នៅក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌប្ញស្សីកែវ ក្រោយពីអាជ្ញាធររាជធានី បានដោះស្រាយវិវាទរហូតបានជោគជ័យ និងឈានដល់ការធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់បានរួចរាល់។
ពិធីប្រគល់ ទទួល វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅមុខទីស្នាក់ការ រដ្ឋបាលសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
លោក ឯក ឃុនដឿន បានលើកឡើងពីស្ថានភាពទូទៅ នៅក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ ដោយខណ្ឌនេះមានប្រជាពលរដ្ឋរស់នៅចំនួន ១៩១,២៧២នាក់ ក្នុងនេះអាជ្ញាធរបានរក្សានូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ជាមួយនឹងការបម្រើសេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយបានលឿន និងមានតម្លាភាពផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ហើយតាមការណែនាំរបស់លោក ឃួង ស្រេង អាជ្ញាធរខណ្ឌឫស្សីកែវ បានធ្វើការដោះស្រាយវិវាទដីធ្លីនេះជាបន្តបន្ទាប់ រហូតឈានដល់ការធ្វើបណ្ណកម្មសិទ្ធិ ស្របច្បាប់ជូនពួកគាត់។ ជាក់ស្ដែង នៅពេលនេះយើងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី២ ចំនួន២០៦គ្រួសារ។
លោក សារិន វណ្ណា បានបន្តថា «ដីខាងលើនេះ ត្រូវបានរដ្ឋលក់ឱ្យមន្ត្រីរាជការក្រុងភ្នំពេញ ១ឡូតិ៍ ទំហំ២០គុណ និង៣០ម៉ែត្រ ក្នុងតម្លៃ ២៥ម៉ឺនរៀល តាំងពីទសវត្សទី៩០មក។ ក្នុងឆ្នាំ២០០០ ក៏បានកើតឡើងជាវិវាទដីធ្លី ហើយត្រូវបានអាជ្ញាធរ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ រហូតឈានដល់ការបញ្ចប់វិវាទទាំងស្រុង និងបានផ្ដល់កម្មសិទ្ធិស្របច្បាប់ទាំង ២០៦គ្រួសារនៅពេលនេះ។ បងប្អូនអាចបណ្ណកម្មសិទ្ធិនេះ ទៅប្រើប្រាស់បានគ្រប់បែបយ៉ាង ទាំងលក់ ទាំងបញ្ចាំ និងការធ្វើអ្វីផ្សេងៗទៀត ដើម្បីបង្កើននូវជីវភាពរស់នៅរបស់បងប្អូន»៕