(ភ្នំពេញ)៖ លោកឧកញ៉ា ឌី បញ្ញា អគ្គនាយកក្រុមហ៊ុន «GL Asia Enterprise» និងលោកស្រី បានយកថវិកាមនុស្សធម៌ ៨,០០០ដុល្លារ ទៅប្រគល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែក ក្នុងសកម្មភាពមនុស្ស ជាមួយមន្ទីរពេទ្យមួយនេះ លើការជួយសង្គ្រោះកុមារកម្ពុជា។
នៅក្នងពិធីប្រគល់ថវិកា កាលពីដើមសប្តាហ៍នេះ លោកឧកញ៉ា ឌី បញ្ញា បានបញ្ជាក់ថា ដោយមើលឃើញពីសកម្មភាពសប្បុរសយ៉ាងសស្រាក់សស្រាំរបស់ មន្រ្តីពេទ្យមួយនេះ ក្នុងចេតនាជួយសង្គ្រោះជីវិតកុមារ និងព្យាបាលជម្ងឺដល់កុមារក្រីក្រគ្មានលទ្ធភាព ទើបលោកក្នុងនាមអគ្គនាយកក្រុមហ៊ុន GL Concrete ដែលជាក្រុមហ៊ុនបេតុង ឈានមុខគេមួយ នៅកម្ពុជា តែងតែយកចិត្តទុកដាក់ឧបត្ថម្ភមន្ទីពេទ្យនេះ ជារៀងរាល់ឆ្នាំ។
ជាចុងក្រោយ លោកឧកញ៉ា ក៏សូមអំពាវនាវ ទៅដល់ឯកឧត្តម លោកជំទាវទាំងអស់ សុំចូលរួមបរិច្ចាកឲ្យបានរិតតែច្រើន ជាងនេះទៅទៀត ដើម្បីជួយគាំពារកុមារក្រីក្រកម្ពុជា ឲ្យមានជីវិតល្អប្រសើរគ្រប់ៗគ្នា។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា គេសង្កេតឃើញមាន ថ្នាក់ដឹកនាំ រួមទាំងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស តែងតែជួយឧបត្ថម្ភដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះកុមារនៅក្នុងប្រទេសកម្ពុជា ព្រោះថាមន្ទីរពេទ្យនេះបានជួយដល់កុមាររាប់ម៉ឺន រាប់សែននាក់ ក្នុងមួយឆ្នាំ ដោយមិនប្រកាន់ពូជសាសន៍ឡើយ៕