(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោក រស់ សម័យ និងក្រុមគ្រួសារចំពោះមរណភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សាររំលែកទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង ជូនលោក រស់ សម័យ និងក្រុមគ្រួសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានសេចក្តីសង្វេគសោកស្តាយឥតឧបមាចំពោះមរណភាពរបស់ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជាភរិយារបស់ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៤:៥០នាទីព្រឹក ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវ ម៉ិញ កុសនី មិនត្រឹមតែជាការបាត់បង់ដោយសេចក្តីអាឡោះអាល័យជាទីបំផុតនូវភរិយា ម្តាយ និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ឯកឧត្តម និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវព្រឹទ្ធាចារ្យសិល្បៈ និងជាធនធានមនុស្សដ៏មានតម្លមួយរូបដែលធ្លាប់បានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី បម្រើ និងលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌កម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ។
ខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ម៉ិញ កុសនី បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវសេចក្តីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»។
សូមជំរាបថា លោកស្រី ម៉ិញ កុសនី គឺជាវីរៈសិល្បការិនី ដែលជាតួឯកផ្នែកអង្គនាង ប្រចាំព្រះបរមរាជវាំងទស្សវត្សរ៍ ៦០-៧០៕