(ភ្នំពេញ)៖ មេធាវី សាន សុផា អ្នកតំណាងដោយអាណត្តិរបស់ធនាគារ ស្ថាបនា ភីអិលស៉ី នៅថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកពន្យល់ និងបកស្រាយជុំវិញបណ្ដឹងរបស់ខ្លួនទៅលើអតីតបុគ្គលិកម្នាក់ បន្ទាប់ពីមានការអត្ថាធិប្បាយក្នុងន័យកាត់សេចក្ដីរបស់អ្នកសារព័ត៌មានមួយចំនួន។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃការបំភ្លឺរបស់តំណាងដោយអាណត្តិរបស់ធនាគារ ស្ថាបនា ភីអិលស៉ី៖
«កន្លងទៅថ្មីៗនេះ មានស្ថាប័នព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ពីករណី បណ្តឹងលើអតីតបុគ្គលិកមួយរូបរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី ដោយក្នុងខ្លឹមសារព័ត៌មានចុះផ្សាយនោះ អ្នកអត្ថាធិប្បាយព័ត៌មាន បានបកស្រាយ និងពន្យល់ពីខ្លឹមសារច្បាប់ ក្នុងន័យកាត់ក្តីដូចខ្លួនជាអ្នកមានសមត្ថកិច្ច។ ការណ៍នេះ ធ្វើឱ្យមានការភាន់ច្រឡំ និងយល់ខុសពីនីតិវិធីច្បាប់ នាំឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌លើការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
ខ្ញុំមេធាវី សាន សុផា ជាមេធាវីតំណាងដោយអាណត្តិឱ្យ ធនាគារ ស្ថាបនា ភីអិលស៊ី សូមជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា ពាក្យបណ្តឹងត្រូវបានធ្វើឡើងដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន និងភស្តុតាងច្បាស់លាស់។ សូមអ្នកអត្ថាធិប្បាយព័ត៌មាន បញ្ឈប់សកម្មភាពពន្យល់ និងបកស្រាយច្បាប់ដោយខ្លួនឯង គ្មានប្រភពយោងច្បាស់លាស់ និងមិនត្រូវសំអាងដោយបំភាន់ថា មានការបកស្រាយពីមេធាវី ឬក្រុមប្រឹក្សាអ្នកច្បាប់ ដែលគ្មានសមត្ថកិច្ច និងមិនមានអត្តសញ្ញាណ។ ជាមួយគ្នានេះ ខ្ញុំសូមលើកបង្ហាញជូនពីបញ្ញត្តិច្បាប់ខ្លះៗ ដែលចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដូចខាងក្រោម៖
*មាត្រា១២៖ បានចែងថា «ដោយអនុវត្តតាមគោលការណ៍អាជ្ញាអស់ជំនុំ ជនណាដែលត្រូវបានតុលាការ សម្រេចអោយរួចខ្លួនជាស្ថាពរ ហើយជននោះមិនអាចត្រូវចោទប្រកាន់ទៀតទេ ចំពោះអំពើដដែល ទោះបីជាក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងក៏ដោយ»។ កន្លងទៅករណីបណ្តឹងនេះ ពុំដែលមានសាលក្រម ឬសាលដីកាស្ថាពរណាសម្រេចឱ្យជនសង្ស័យ រួចខ្លួនពីបទចោទប្រកាន់ នោះទេ គឺមានតែជា «ការសម្រេចលើកលែងចោទប្រកាន់» ក្នុងដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរ និងសាលដីការបស់សភាស៊ើបសួរប៉ុណ្ណោះ។
*មាត្រា២៥១៖ បានចែងថា «ក្រោយពេលដែលដីកាលើកលែងចោទប្រកាន់របស់ចៅក្រមស៊ើបសួរ ឬសាលដីកាលើកលែងចោទប្រកាន់របស់សភាស៊ើបសួរបានចូលជាស្ថាពរ ប្រសិនមានលេចឡើងបន្ទុកថ្មី ការស៊ើបសួរអាចបើកឡើងវិញ តាមការផ្តើមគំនិតរបស់ព្រះរាជអាជ្ញា»។
សេចក្តីបំភ្លឺជូនសាធារណៈជន ជាកិច្ចចាំបាច់បង្ការកុំឱ្យមានការភាន់ច្រឡំ តាមការចុះផ្សាយព័ត៌មានកន្លងទៅ ដែលជនសង្ស័យមានចេតនាទាញចំណាប់អារម្មណ៍ពីសាធារណៈជន ឱ្យការពារខ្លួនគេចពីការអនុវត្តច្បាប់។ រាល់ពាក្យបណ្តឹងរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី ធ្វើឡើងក្នុងគោលបំណងចាត់វិធានការតឹងរ៉ឹង បើមានការប្រព្រឹត្តអំពើខុសច្បាប់ និងការបំពានវិជ្ជាជីវៈរបស់បុគ្គលិកណាម្នាក់ ដោយមិនមានការលើកលែង ឬរើសអើង ដើម្បីធ្វើឱ្យប្រាកដថា ច្បាប់ត្រូវបានគោរព និងអនុវត្ត។
ក្នុងនាមជាមេធាវីតំណាងដោយអាណត្តិឱ្យ ធនាគារ ស្ថាបនា ភីអិលស៊ី ខ្ញុំសូមបង្ហាញការជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នអនុវត្តច្បាប់ទាំងអស់ នឹងមានការអនុវត្តច្បាប់ដោយត្រឹមត្រូវ ផ្អែកតាមច្បាប់ និងភស្តុតាង ដោយមិនរងសម្ពាធពីការបកស្រាយច្បាប់ដែលខុសដែនសមត្ថកិច្ច ធ្វើឡើងដោយអ្នកអត្ថាធិប្បាយព័ត៌មានឡើយ។
សាធារណៈជនអាចត្រូវបានបំភាន់លើអង្គច្បាប់ ដោយអ្នកអត្ថាធិប្បាយព័ត៌មាន និងបុគ្គលការពារជនសង្ស័យ ដើម្បីពឹងពាក់បណ្តាញសង្គម និងសារព័ត៌មានឱ្យជួយការពារ ជាហេតុ ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់ និងអាចនាំឱ្យមាននិទណ្ឌភាព។ ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាគ្រឹះនៃកិច្ចការពារអ្នកវិនិយោគ និងជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រាកដថា ស្ថាប័នហិរញ្ញវត្ថុ មិនរងហានិភ័យពីភាពខ្វះចន្លោះ ឬខ្វះការយកចិត្តទុកដាក់ពីស្ថាប័នអនុវត្តច្បាប់»៕