(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះឃោសនាបោះឆ្នោត និងបង្ហាត់បង្ហាញអំពីការគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រីបានលើកឡើងថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល ហើយផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់ប្រជាជន។
លោកស្រី ឃួន ឃុនឌី បានបន្តថា គណបក្សប្រជាជនកម្ពុជា បានលះបង់ និងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សម្លាប់របស់របបខ្មែរក្រហម ព្រមទាំងបានផ្លាស់ប្ដូពីប្រទេសដែលក្រីក្រមកជាប្រទេស ដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ។
លោកស្ដ្រីគូសបញ្ជាក់ថា ក្នុងពេលប្រទេសកម្ពុជា ត្រូវរងគ្រោះដោយការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ ប្រជាជននៅគ្រប់មូលដ្ឋាន បានទទួលការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃ ដោយបានទទួលការជួយគាំពារ និងឧបត្ថម្ភពីរាជរដ្ឋាភិបាលទាន់ពេលវេលា ដែលបានការពារអាយុជីវិតប្រជាជន និងធ្វើឲ្យជីវភាពប្រជាជនមានលំនឹង និងប្រកបមុខរបរបានជាធម្មតា ទាំងនេះ គឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍន៍ឃុំ-សង្កាត់ លើគ្រប់វិស័យឲ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូប នៅគ្រប់មូលដ្ឋាន។
លោកស្រី ឃួន ឃុនឌី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ ព្រមទាំងបានណែនាំទៅដល់ពលរដ្ឋទាំងអស់ ដែលបានទៅចូលរួមបោះឆ្នោត ត្រូវពិនិត្យឲ្យបានច្បាស់លាស់ទៅការគូសសន្លឹកឆ្នោត ជាពិសេសលើឡូហ្គោរបស់គណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កាជាសម្គាល់ ហើយសម្រាប់លេខរៀងរបស់គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨៕