(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដានេះ បានសម្រេចផ្តន្ទាទោស លោក អ៊ា សែ អតីតប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់ នៅនាយកដ្ឋានអាស៊ី២ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៦លានរៀល ពាក់ព័ន្ធនឹងបទពុករលួយ ប៉ុន្តែទោសនេះនឹងឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ទោសដែលសេសសល់ត្រូវព្យួរ។
ការប្រកាសសាលក្រមផ្តន្ទាទោស លោក អ៊ា សែ នាពេលនេះ ត្រូវបានធ្វើឡើងដោយ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ ក្រោមការចោទប្រកាន់ពីបទវិតិក្រម តាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ។ ចៅក្រមរូបនេះ ក៏បានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងទៅសាលាឧទ្ធរណ៍១ខែ ប្រសិនបើមិនសុខចិត្តនឹងការសម្រេចរបស់លោក។
សូមជំរាបថា មន្ត្រីក្រសួងការបរទេស លោក អ៊ា សែ អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងក្រសួងការបទេស ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយតាមរូបភាព ទទួលលុយពីក្រុមហ៊ុនបរទេស ដើម្បី ប្រថាប់ត្រាបញ្ជាក់លើឯកសារ នាពេលកន្លងទៅ៕