(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈដែលសម្តេចបានជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន៧៥០នាក់ ក្នុងថ្ងៃទី០៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តទី៧ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេច ទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្ខពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តស្វាយរៀងរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយ ការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត»។
លើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់គ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។ នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ៕