(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់អាជីករលក់ដូរនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមផ្សាររយៈពេល៥ថ្ងៃមកនេះ នៅសង្កាត់ផ្សេងៗគ្នា ខណ្ឌសែនសែន លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ទន្ទឹមនឹងនោះ លោក ម៉ម ប៊ុនហេង ក៏បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះលោក ម៉ម ប៊ុនហេង ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត។

ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «ប្រទេសមានសុខសន្តិភាព ប្រជាជនរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្ដ អាចធ្វើអ្វីបានដោយមានសិទ្ធិស្មើៗគ្នា ជាក់ស្ដែងដូចអាជីវករយើងទាំងអស់គ្នាអាចប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ដោយសុខសប្បាយ មិនមានភាពភ័យខ្លាចពីអសន្ដិសុខ»

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕