(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងប្រាប់ថា នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣នេះថា ដើម្បីលុបបំបាត់ឱ្យអស់នូវនយោបាយអាក្រក់របស់ក្រុមប្រឆាំង ជាពិសេសក្រុមប្រឆាំងនៅក្រៅប្រទេស បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានបន្តធ្វើវេទិកាសាធារណៈ ក្រោមប្រធានបទ «គុណតម្លៃនៃការថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍ» ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣នេះ។
លោកថ្លែងថា តាមរយៈវេទិកានេះ ក្រុមការងាររបស់អង្គការសង្គមស៊ីវិល បានពន្យល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ថែមទៀតអំពីនយោបាយអាក្រក់ របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេសបំណងអាក្រក់របស់ក្រុមប្រឆាំង ដែលឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬទៅបោះឆ្នោតគូសសន្លឹកឆ្នោតចោលជាដើម ដែលនេះជាទង្វើអាក្រក់ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។
សូមជម្រាបថារយៈពេលកន្លងមកនេះ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើវេទិកាសាធារណៈចំនួន ៦ លើករួចមកហើយជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តតាកែវ លើប្រធានបទ «លុបបំបាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស»។
តាមរយៈវេទិកានេះយុវជនសង្គមស៊ីវិល បានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរួមគ្នា ថែរក្សាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ដើម្បីមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត៕