(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧! ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្រ្ត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួនជាង២៥០០នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងប្រមុខគណបក្សប្រជាជនទាំងអស់ កោតសសើរអរគុណ ចំពោះការគាំទ្រ ជឿជាក់ដើរតាមគោលមាគ៌ារបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជន ចូលរួមរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធានាបាននូវជីវភាពធូរធា និងសូមស្វាគមន៍រាល់និន្នាការទាំងអស់ដែលចង់ប្តូរជីវភាព មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សូមប្តេជ្ញាបន្តការខិតខំប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់គណបក្សប្រជាជនដឹកនាំសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់អ្វីៗទាំងអស់ដើម្បីតែសុខសន្តិភាព អាយុជិវិតជាតិ និងប្រជាជននោះ សូមបងប្អូនជនរួមជាតិ សមាជិក ទាំងអស់សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យ បោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់រៀងខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ដើម្បីបន្តមានអ្វីៗគ្រប់យ៉ាងកាន់តែរីកចម្រើន ជីវភាពកាន់តែសម្បូរសប្បាយគ្រប់ៗគ្នា៕