(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ស្នើឲ្យកសិករជំរុញការងារបង្កបង្កើនផលដំណាំស្រូវ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាជនទូទៅ។ ការលើកឡើងក្នុងពេលដែល លោកអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ការច្រូតកាត់របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នៅទីវាលស្រែលោក វ៉ី សំណាង បានផ្តាំផ្ញើប្រជាកសិករថា ស្រូវគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ ជារួមការហូបចុកប្រចាំថ្ងៃ ការនាំចេញទៅកាន់ប្រទេសជាច្រើននៅក្នុងពិភពលោកដែលត្រូវការអង្ករកម្ពុជា ជាងនេះការគឺផ្លាស់ប្តូរសេដ្ឋកិច្ចគ្រួសារបានមួយផ្នែកធំ បន្ទាប់ការងាររកប្រាក់ចំណូលផ្សេងៗរបស់គ្រួសារ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា កសិករត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើដំណាំស្រូវ និងបន្លែបង្ការបន្ទាប់បន្សំផ្សេងៗដ៏ទៃទៀត ជាធម្មតាប្រជាជនខ្មែរគឺរបបហូបចុកគឺបាយ ដែលកើតពីស្រូវចេញទៅជាអង្ករ តាំងដូនតានៃបុព្វបុរសយើងមកម្លេះ ដូច្នេះបងប្អូនមិនងាយនិងបោះទម្លាប់នេះបានឡើយ។ ក្នុងនាមប្រជាពលរដ្ឋត្រូវតែទៅបោះឆ្នោតទាំងអស់គ្នានាថ្ងៃទី២៣ ខែកក្កដាខាងមុខ ដើម្បីឲ្យប្រទេសជាតិមានមេដឹកនាំដ៏ល្អដូច បច្ចុប្បន្ននេះកុំបីខានឡើយ។

យោងរបាយការណ៍បង្កបង្កើនផលរដូវវស្សារបស់លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ កសិករបានភ្ជួររាស់ដីសរុប ចំនួន ២,៤៧៣ហិតា ក្នុងបានព្រោះស្រូវស្រាល ១៦០ហិចតា ព្រោះស្រូវកណ្តាល បានចំនួន១,៧៣៣ ហិតា ព្រោះស្រូវធ្ងន់បានចំនួន ៤ហិតា សរុប១,៨៩៧ហិតា ស្មើ៦៥%។

អភិបាលក្រុងច្បារមន បានបន្ថែមថា គិតដល់ពេលនេះ កសិករបានប្រមូលផលស្រូវដើមរដូវសរុបបានចំនួន ៦៨ហិតា ទិន្នផលមធ្យម សរុបចំនួន៣,៥០០គីឡូក្រាមក្នុង១ហិតា៕