(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សចុះជួបសំណេះសំណាល ផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំព្រែកដាច់ ស្រុកលើកដែក។
សកម្មភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក ហាក់ ប៊ុនធឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកដាច់ ព្រមទាំងសហការី សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី យុវជនជុំវិញស្រុកចំនួន ២១០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែកដាច់។
នាពេលនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានរំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឱ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច។
បន្តមកទៀត ជាមួយនឹងភាពម៉ឺងម៉ាត់ ហ្មត់ចត់ លោកស្រីកិត្តិសង្គហបណ្ឌិត និងក្រុមការងារ បានរួមគ្នាពន្យល់បង្រៀន ប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវឱ្យក្លាយជាសន្លឹកឆ្នោតបានការ ចៀសវាងការគូសលេខ ឬការគូសច្រើនដង។
ទន្ទឹមនឹងនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកាទាំងអស់ ចូលរួមអនុវត្តកិច្ចការងារទៅចូលរួមបោះឆ្នោតដោយត្រូវត្រៀមខ្លួន ត្រៀមឯកសារឱ្យបានរួចរាល់ទុកជាមុន ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា៖ «យើងជាសមាជិកបក្សត្រូវគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត»។
ជាងនេះទៅទៀត លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានធ្វើការក្រើនរំលឹកបន្ថែមផងដែរឱ្យសកម្មជនគណបក្សប្រជាជនកម្ពុជាត្រូវចូលរួមឃោសនានៅតាមភូមិ ឃុំរបស់ខ្លួន អំឡុងពេលយុទ្ធនាការឃោសនាឱ្យបានល្អបំផុត និងត្រូវវាយតម្លៃរកកំលាំងពិតដែលស្មោះត្រង់បោះឆ្នោតជូនបក្ស អ្នកដែលមិនច្បាស់លាស់ និងទប់ស្កាត់ឱ្យបានអ្នកដែលតាំងបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែបង្រៀនឱ្យប្រជាជនគូសសន្លឹកឆ្នោតខុស។
លោកស្រីកិត្តិសង្គហបណ្ឌិត និងសមាជិក សមាជិកគណបក្សក្នុងឃុំព្រែកដាច់ បានសម្តែងនូវអំណរគុណសន្តិភាព នយោបាយឈ្នះឈ្នះ និងសូមដឹងគុណ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ និងបានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕