(កណ្ដាល)៖ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានលើកឡើងថា សុខសន្តិភាព កើតមាននៅក្នុងប្រទេសកម្ពុជា នាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។
លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយគណបក្សឃុំ ប្រធានមណ្ឌលសកម្មភាពបក្ស និងប្រធានក្រុមបក្ស ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកកិត្តិបណ្ឌិត បានបន្តថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់ នៅពេលនេះ។ គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជន ដោយក្នុងនេះ កម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏បានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់ ដែលជាកម្លាំងចលករដ៏មុតស្រួច។
លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា នៅគ្រប់ការលំបាក សម្តេចតេជោ គណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលប្រជាជនម្តងណានោះទេ ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ, វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត។
លោកកិត្តិបណ្ឌិត បានអះអាងថា ដើម្បីរក្សាសន្តិសុខ ស្ថិរភាពនយោបាយនៅកម្ពុជា យើងត្រូវចូលរួមថែរក្សាទាំងអស់គ្នាបន្តទៅទៀត កុំជឿការញុះញង់របស់ពួកជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញដល់សុខសន្តិភាពនៅកម្ពុជា និងសូមអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕