(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី យិន ថុល និងក្រុមគ្រួសារ ចំពោះមរណភាពលោក កង កេង។

សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម កង កេង បានទទួលមរណភាព កាលពីវេលាម៉ោង ៥៖១៥នាទីទាបភ្លឺ ថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឯកឧត្តម កង កេង ដែលជាស្វាមីប្រកបដោយព្រហ្មវិហារធម៌។

មរណភាពរបស់ឯកឧត្តម កង កេង ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្រតិបត្តិ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កង កេង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕