(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាល, ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការបន្តជំនួយ និងការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥»

ការលើកឡើងបែបនេះរបស់ ទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើឡើងនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តិទៅនៅសណ្ឋាគារ Raffles Hotel Le Royal។

ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា កម្ពុជា និងកាណាដា បានកសាងនូវទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រយៈពេលជិត ៧០ឆ្នាំ ក្នុងនោះកាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ជាមួយគ្នានោះកាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាច្រើន។ កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និង ឭអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឲ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកាណាដា បានចូលរួមជួយសង្រ្គោះជីវិតមនុស្សជាច្រើន កាត់បន្ថយចំនួនអ្នកស្លាប់ និងបានប្រែក្លាយតំបន់មានមីន ទៅជាតំបន់ផលិតភាពសម្រាប់ការកសាងលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន កសិកម្ម និងគោលបំណងផ្សេងទៀត។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់បន្ថែមថា កាលពីឆ្នាំមុន ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា បានបង្ហាញពីសន្ទុះថ្មីមួយទៀត នៃការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ការងើបឡើងវិញនៃភ្ញៀវទេសចរកាណាដាមកកម្ពុជា និងជាពិសេសអន្តរកម្មកម្រិតកំពូលក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅភ្នំពេញ ដែលបានផ្តល់នូវកម្លាំងជំរុញថ្មីក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-កាណាដា។

ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានខិតខំឆ្ពោះទៅមុខសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ក៏ដូចជាគាំទ្រការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាផងដែរ៕