(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងបារម្ភអំពីការចល័ត ទ័ពនៅលើផ្លូវជាតិលេខ៦។ លោកបានប្រាប់ Fresh News ឱ្យដឹងថា ការចល័តទ័ពនាពេលនេះ គឺជាការផ្លាស់ប្តូរកម្លាំងកងទ័ព ដែលធ្វើឡើងជាធម្មតារៀងរាល់៣ខែម្តង ក្នុងការជួយសម្រួលកម្លាំង ដល់កងទ័ពជួរមុខ។
ការអះអាងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នាពេលនេះ បានធ្វើឡើងបន្ទាប់ប្រជាពលរដ្ឋមួយចំនួន នៅស្រុកបារាយ ខេត្តកំពង់ធំ សម្តែងភាពភ្ញាក់ផ្អើល ដោយពួកគេឃើញរថយន្តយោធា រាប់សិបគ្រឿង បានបើកកាត់ផ្លូវជាតិលេខ៦ នៅខេត្តកំពង់ធំ ក្នុងទិសដៅពីត្បូងទៅជើង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ឈុំ សុជាតិ បានបញ្ជាក់ថា ការផ្លាស់ប្តូរកងទ័ពនេះ គឺដើម្បីបំប៉នសុខភាពកងទ័ព ក្រោយពីពួកគេបានទៅឈរជើងនៅជួរមុខរយៈពេល៣ខែ។ លោកថាកងទ័ពទាំងនោះចេញពីខេត្តទៅកាន់ព្រំដែន ហើយអ្នកនៅព្រំដែនត្រូវមកខេត្តវិញ។ លោកថា «ការចល័តកងទ័ពនេះ គឺជាការផ្លាស់ប្តូរពីក្រោយទៅមុខ ដើម្បីផ្លាស់ប្តូរគ្នាតាមកម្មវិធីកំណត់ ខ្ញុំបានសួរហើយ ៣ខែគេដូរម្តង ដើម្បីទៅព្រំដែន»។
លោកបានបន្ថែម «ការចល័តទ័ពចេញទៅខាងក្រៅជាកម្មវិធី ដូរទ័ពជាធម្មតាទេ ព្រោះរាល់ពេល១ត្រីមាសគេត្រូវដូរដើម្បីឱ្យ យកមកបំប៉ន អញ្ចឹងគេត្រូវផ្លាស់ប្តូរគ្នាដើម្បីឱ្យវាមានកម្លាំង ដើម្បីការពារព្រំដែន មិនមានបញ្ហាអ្វីនោះទេ»៕