(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោក រស់ សម័យ និងក្រុមគ្រួសារចំពោះមរណភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សាររំលែកទុក្ខរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជូនលោក រស់ សម័យ និងក្រុមគ្រួសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់លោកជំទាវ ម៉ិញ កុសនី គឺជាការបាត់បង់នូវភរិយា ម្ដាយ ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងជាព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលើវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការរួមចំណែកយ៉ាងសកម្មបម្រើវិស័យសិល្បៈវប្បធម៌។

ទោះបីរូបកាយរបស់លោកជំទាវ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកជំទាវ ម៉ិញ កុសនី សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»។

សូមជំរាបថា លោកស្រី ម៉ិញ កុសនី គឺជាវីរៈសិល្បការិនី ដែលជាតួឯកផ្នែកអង្គនាង ប្រចាំព្រះបរមរាជវាំងទស្សវត្សរ៍ ៦០-៧០៕