(រតនគិរី)៖ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានអំពីការស្លាប់របស់កម្មករនិយោជិតដែលធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី ដោយបញ្ជាក់ថា បើតាមមន្ត្រីជំនាញសុខាភិបាលបានធ្វើកោសលវិច័យ គឺរកឃើញថា ការស្លាប់នេះបណ្ដាលមកពីការពុលស្រាដែលជនរងគ្រោះបានទិញពីតូបលក់ដូរនៅក្បែរក្រុមហ៊ុននោះ។
មន្ទីរការងារខេត្តរតនគិរីបានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងថាមានករណីសង្ស័យពុលស្រាទៅលើកម្មករនិយោជិតធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស កាលពីវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីនៃមន្ទីរក៏បានចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះភ្លាមៗ ដោយសហការបានជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាព និងសុខភាពការងារបន្ថែមជាបន្ទាន់ ដើម្បីបង្ការហានិភ័យដល់កម្មករនិយោជិតពាក់ព័ន្ធ។
យោងតាមលទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានបញ្ជាក់ដោយអង្គភាពជំនាញសុខាភិបាលថា «ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រាដែលត្រូវបានដាក់លក់នៅតាមទីតាំងក្បែរក្រុមហ៊ុន»។
មន្ទីរការងារបានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះសរុបចំនួន១១នាក់ ក្នុងនោះបានបាត់បង់ជីវិតចំនួន១០នាក់ (មានកម្មករនិយោជិតចំនួន៥នាក់) បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរការងារខេត្តរតនគិរី៖