(ព្រះវិហារ)៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម២នាក់ បានរងរបួសបណ្តាលឱ្យដាច់ជើងខាងស្តាំ ខណៈជាន់មីនពេលកំពុងដើរដកផ្សិត។ ហេតុការនេះបានកើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចណងទឹមភ្នំដងរ៉ែក ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមរបាយការរបស់សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា មុនពេលកើតហេតុបុរស២នាក់ បាននាំគ្នាដើរឡើងភ្នំដងរែក ក្នុងគោលបំណងរកបន្លែ ផ្លែឈើលុះដល់ចំណុចកើតហេតុបុរសម្នាក់បានជាន់មីនបណ្តាលឱ្យផ្ទុះដាច់ជើងខាងស្តាំ។ក្រោយហេតុការណ៍កើតឡើងបុរសដែលរួមដំណើរជាមួយបានរាយការណ៍ទៅញាតិមិត្តបងប្អូន និងសមត្ថកិច្ច ក្រោយមកជនរងគ្រោះត្រូវបាននាំទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។

ជនរងគ្រោះដែលជាន់មីនដាច់ជើងខាងស្តាំមានឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកបុរសដែលរួមដំណើរជាមួយមិនមានរងរបួសមានឈ្មោះ ទី សូនី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំជាមួយជនរងគ្រោះ៕