(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោក រស់ សម័យ និងក្រុមគ្រួសារចំពោះមរណភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនលោក រស់ សម័យ និងក្រុមគ្រួសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ខ្ញុំ និងស្វាមី បានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅវេលាម៉ោង ៤៖៥៥ នាទីព្រឹក ថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ»។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងស្វាមី សូមសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់លោកជំទាវ ម៉ិញ កុសនី គឺជាការបាត់បង់ភរិយា ម្តាយ ជីដូន ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងជាព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញ លើវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងការបម្រើវិស័យសិល្បៈវប្បធម៌។ ទោះបីរូបកាយរបស់លោកជំទាវ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅ ស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងស្វាមី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ម៉ិញកុសនី សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជំរាបថា លោកស្រី ម៉ិញ កុសនី គឺជាវីរៈសិល្បការិនី ដែលជាតួឯកផ្នែកអង្គនាង ប្រចាំព្រះបរមរាជវាំងទស្សវត្សរ៍ ៦០-៧០៕