(ពោធិ៍សាត់)៖ លោក តេង រតនា ប្រធានសាលាដំបូងខេត្ត និងលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការបើក និងបិទកញ្ចប់គឿងញៀន ដែលត្រូវបានរឹបអូសតាមសាលក្រម និងដីកាសម្រេច ចំនួនរឿង៦៥ ដើម្បីត្រៀមបញ្ជូនទៅគណៈកម្មការដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឯខេត្តបាត់ដំបង។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាដំបូងខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក យ៉ន រិន នាយករងរដ្ឋបាលខេត្ត តំណាងលោកអភិបាលនៃគណៈអភិបាលខេត្ត, លោក ឃៀង សុមុនី ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត, ថ្នាកដឹកនាំ និងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត, មូលដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បើតាម លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំបើក និងបិទកញ្ចប់គ្រឿងញៀន ដើម្បីត្រៀមបញ្ចូនទៅគណៈកម្មការគ្រឿងញៀន ធ្វើការដុតបំផ្លាញចោលនាពេលខាងមុខ នៅឯខេត្តបាត់ដំបងនោះ, គណៈកម្មការបានដំណើការបើកកញ្ចប់គ្រឿងញៀន ដែលបានសម្រេចរឹបអូស តាមសាលក្រម សរុបចំនួន៦៣សាលក្រម និងដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ ចំនួន០២ដីកា ម្ដងមួយៗ រហូតគ្រប់ចំនួន៦៥កញ្ចប់ ដោយបានយកជញ្ជីងដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រគល់ឲ្យមកថ្លឹងផ្ទៀងផ្ទាត់ ពិនិត្យឃើញជាក់ស្ដែង មានម្សៅក្រាមពណ៌សថ្លា (ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១២៩គ្រាប់ សរុបទម្ងន់ចំនួន១១០៧,៧៥ក្រាម (មួយពាន់មួយរយសូន្យប្រាំពីរចុចចិតសិបប្រាំក្រាម) គ្រប់ចំនួនតាមការរឹបអូស ក្នុងសាលក្រម និងដីកាសម្រេច។
លោកព្រះរាជអាជ្ញាបន្ថែមថា ក្រោយពីបានថ្លឹងផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្ដែងរួចមក គណៈកម្មការបានសម្រេចដាក់ ប្រភេទថ្នាំខាងលើ វេចខ្ចប់ចូលក្នុងកញ្ចប់ថង់ជ័យសថ្លា វេចខ្ចប់ក្នុងកោះដែក រួមជាមួយឯកសារពាក់ព័ន្ធ និងបានចាក់សោរបិទស្កុត នៅចំពោះមុខគណៈកម្មការ ព្រមទាំងបានចុះហត្ថលេខាបិទលើកញ្ចប់ ដើម្បីរក្សាទុកប្រគល់ជូនគណៈកម្មការជាតិ ដុតបំផ្លាញចោលនាពេលខាងមុខ៕