(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានណែនាំដល់ភ្នាក់ងារគណបក្ស​ប្រជាជនកម្ពុជា ត្រូវតាំងខ្លួនជាតំណាងគណបក្ស​ ក្នុងការការពារផលប្រយោជន៍គណបក្សនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត​ ដោយត្រូវពិនិត្យតាមដានរាល់សភាពការណ៍ដែលកើតមាននៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចាប់ពីមុនដំណើការបោះឆ្នោត រហូតដល់ការរាប់សន្លឹកឆ្នោតចប់សព្វគ្រប់ ប្រកបដោយតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ទើបជាចុងក្រោយចុះហត្ថលេខាលើកំណត់ហេតុ នៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត លើទម្រង់ឯកសាររបស់ គ.ជ.ប ដើម្បីទទួលយកលទ្ធផលបោះឆ្នោត។

ក្នុងករណីដែលមានភាពមិនប្រក្រតីណាមួយកើតឡើង ដែលបង្កដោយភាគីពាក់ព័ន្ធណាមួយ រាប់ទាំងមន្ត្រីការិយាល័យបោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ ដែលមកពីគណបក្សផ្សេងៗគ្នា ដែលធ្វើអោយប៉ះពាល់ដល់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពិសេសធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា យើងនោះអស់លោក លោកស្រី មានសិទ្ធិប្តឹងតវ៉ាទៅប្រធានការិយាល័យបោះឆ្នោត ឬប្រធានគណកម្មការបោះឆ្នោតសង្កាត់ តាមនីតិវិធី និងទម្រង់ឯកសារផ្លូវការរបស់ គ.ជ.ប (ទម្រង់ ១២០២) ឬផ្តល់ពត៌មានតាមឋានានុក្រមមកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការអោយបានទាន់ពេលវេលា។

ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្ស ភ្នាក់ងារយុវជន/យុវនារីខណ្ឌចំការមន និងខណ្ឌបឹងកេងកង នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង ណែនាំដល់ភ្នាក់ងារគណបក្ស ភ្នាក់ងារយុវជន/យុវនារីខណ្ឌចំការមន និងខណ្ឌបឹងកេងកង ត្រូវចុះជួបសមាជិកបក្សក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានយ៉ាងហោច២ជុំក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១ដល់ទី២១ ខែកក្កដានេះ។

លោកបណ្ឌិតបន្តថា ក្នុងពេលចុះជួបសមាជិកនោះ កិច្ចការសំខាន់គឺប្រាប់ពីលេខរៀងគណបក្សលេីសន្លឹកឆ្នោត និងបង្រៀនពីរបៀបនៃការគូសសន្លឹកឆ្នោតដល់សមាជិកបក្សប្រជាជន ពិនិត្យប័ណ្ណព័ត៍មានអ្នកបោះឆ្នោត​ និងអត្តសញ្ញាណបណ្ណ ក្នុងករណីគ្មានអត្តសញ្ញាណបណ្ណ ឬហួសសុពលភាព ត្រូវជួយនាំពួកគាត់ទៅធ្វើឯកសារបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីឱ្យសមាជិកមានឯកសារគ្រប់គ្រាន់យកទៅបោះឆ្នោត។

ការងារសំខាន់មួយទៀត សកម្មជនគណបក្ស និងភ្នាក់ងារគណបក្សប្រជាជនត្រូវចុះផ្សព្វផ្សាយពីថ្ងៃបោះឆ្នោត​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣​ ខាងមុខ​ និងជំរុញសមាជិកបក្សទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីធានាថាសមាជិកបក្សម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក។

លោកប្រធានក៏បានដាស់តឿនឱ្យសកម្មជនគណបក្ស និងភ្នាក់ងារគណបក្សប្រជាជនអនុវត្តកិច្ចការងារដ៏ចាំបាច់នេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីនាំជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខ៕